SUNDANCE INDUSTRIES CO., LTD ជាក្រុមហ៊ុនផលិតសំបកកង់យានយន្ត ស្ថិតនៅភូមិទំពាម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងជំហានដំបូង ក្រុមហ៊ុនកំពុងដំណើរការផលិតសំបកកង់រថយន្តបានប្រមាណ ៦២,៥០០សំបក ក្នុងមួយខែសម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស។
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈកម្មការអន្តរក្រសួងស្ថាប័ន និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពជាក់ស្ដែងរបស់គម្រោងវិនិយោគផលិតសំបកកង់យានយន្ត យ៉ាន់ គ្រឿងបង្គំយ៉ាន់ និងផ្គុំដំឡើងកង់រថយន្តរបស់ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគនិងស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗរបស់ក្រុមហ៊ុន។
ក្រុមហ៊ុនផលិតសំបកកង់យានយន្តខាងលើ បានទទួលគោលការណ៍វិនិយោគពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ និងបច្ចុប្បន្នកំពុងដំណើរការផលិតកម្មដោយចូលរួមបង្កើតការងារបានប្រមាណជាង១០០កន្លែង។ បច្ចុប្បន្ន ក្នុងជំហានដំបូង ក្រុមហ៊ុនកំពុងដំណើរការផលិតសំបកកង់រថយន្ត (សំបកកង់រថយន្តដឹកទំនិញ និងសំបកកង់រ៉ឺម៉កសណ្តោង) ដែលមានសមត្ថភាពផលិត ប្រមាណ៦២,៥០០សំបក ក្នុងមួយខែ សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស៕
ដោយ៖ ង៉ែត ពិសាន្ត















