ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្ថានីយទូរទស្សន៍ KPS 99TV ចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំផែនការសិល្បៈ និងវេទិកាផ្សព្វផ្សាយថ្មី ដើម្បីជំរុញទេសចរណ៍ខេត្តឱ្យកាន់តែទាក់ទាញ

KPS99TVសរសេរ:ប៉ៃ សុឃីមថតរូប:ទាវ វិឆាត

សេចក្តីសង្ខេប

រដ្ឋបាលខេត្តព្រះសីហនុបានប្រជុំថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ អំពីសកម្មភាពសិល្បៈ និងការផ្សព្វផ្សាយទេសចរណ៍។ តំណាង KPS 99TV លោក CHEN LING បានបង្ហាញផែនទីទេសចរណ៍ និងស្នើបង្កើតគេហទំព័រ និង Channel «ទស្សនាខេត្តព្រះសីហនុ»។

នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំសកម្មភាពសិល្បៈ និងការផ្សព្វផ្សាយព័ត៌មានទេសចរណ៍ ដើម្បីលើកកម្ពស់សក្ដានុពលវិស័យទេសចរណ៍ក្នុងខេត្ត ឱ្យកាន់តែមានភាពទាក់ទាញ និងទូលំទូលាយ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ និងតំណាងស្ថាប័នផ្សព្វផ្សាយព័ត៌មានជាច្រើន។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់សិល្បៈ វប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយ ជាឧបករណ៍សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងផ្សព្វផ្សាយអំពីសម្រស់ធម្មជាតិ អត្តសញ្ញាណវប្បធម៌ និងសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។

នាឱកាសនោះ លោកស្រី ណៃ សាលី នាយករងរដ្ឋបាលសាលាខេត្ត បានធ្វើបទបង្ហាញអំពីទីតាំងសមស្របសម្រាប់ការរៀបចំកម្មវិធីសម្ដែងសិល្បៈនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ខណៈដែលលោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បានលើកឡើងពីគម្រោងរៀបចំការសម្ដែងសិល្បៈប្រពៃណីខ្មែរ ជាពិសេសសិល្បៈព្រះថោង-នាងនាគ ដើម្បីបម្រើភ្ញៀវទេសចរ និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ជាតិ។

មានប្រសាសន៍ក្នុងនោះដែរ លោក CHEN LING ជំនួយការប្រធានក្រុមប្រឹក្សាភិបាល និងជាតំណាងស្ថានីយទូរទស្សន៍ KPS 99TV បានធ្វើបទបង្ហាញអំពីប្លង់ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តព្រះសីហនុ ព្រមទាំងដាក់សំណើបង្កើតគេហទំព័រ និង Channel «ទស្សនាខេត្តព្រះសីហនុ» ដើម្បីក្លាយជាវេទិកាឌីជីថលសម្រាប់ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ វប្បធម៌ និងព្រឹត្តិការណ៍សំខាន់ៗរបស់ខេត្ត ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

អង្គប្រជុំក៏បានទទួលនូវមតិយោបល់ ការណែនាំ និងសំណើកែលម្អពីមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីធានាឱ្យការរៀបចំសកម្មភាពសិល្បៈ និងការផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តឆ្នេរសមុទ្រមួយនេះកាន់តែច្រើននាពេលអនាគត៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…