ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចធិបតីជំរុញឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាមបន្តពង្រឹងកិច្ចសហការឱ្យរីកចម្រើនបន្ថែម

KPS99TV

សេចក្តីសង្ខេប

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបរដ្ឋមន្ត្រីសន្តិសុខសាធារណៈឡាវ និងរដ្ឋមន្ត្រីនគរបាលវៀតណាម ថ្ងៃទី៣០ ខែមិថុនា ដោយជំរុញកិច្ចសហការរបស់ក្រសួងទាំងបី និងកិច្ចសហការតាមព្រំដែនប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញនិងលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា, ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង៣ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ ក៏ដូចជាការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ។

ការជំរុញនិងលើកទឹកចិត្តបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនិងឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (Vanthong Kongmany) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នៅវិមានសន្តិភាព។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសន្តិសុខសាធារណៈឡាវ, ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលកិច្ចសហប្រតិបត្តិការដ៏ល្អនេះបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា, ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង៣ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានរំលឹកអំពីចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ឡាវ-វៀតណាម ដោយសម្ដេចធិបតីបានលើកឡើងពីការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ក្នុងឆ្នាំ២០២៦ នេះ និងការត្រៀមប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នាឆ្នាំ២០២៧ ខាងមុខនេះ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នានៅក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនៃប្រទេសទាំង៣ ជាពិសេសការជំរុញឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន បន្តសហការយ៉ាងជិតស្និទ្ធក្នុងការងារថែរក្សាសន្តិសុខ សំដៅប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស, ការរត់ពន្ធគ្រឿងញៀន ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…