ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ជំរុញអាជ្ញាធរ ខេត្តព្រះវិហារ បន្តតាមដាន និងឆ្លើយតបជំនន់ទឹកភ្លៀងឱ្យបានទាន់ពេលវេលា

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានជំរុញខេត្តព្រះវិហារបន្តតាមដានជំនន់ទឹកភ្លៀង។ របាយការណ៍ថា ភ្លៀងយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានលិចលំនៅដ្ឋានមួយចំនួន ហើយទឹកបានស្រកក្រោយបង្ហូរប្រមាណ៣ម៉ោង។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ បានជំរុញឱ្យអាជ្ញាធរខេត្តព្រះវិហារ បន្តតាមដាន និងត្រៀមឆ្លើយតបចំពោះគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ជាបណ្តោះអាសន្នដល់លំនៅដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភូមិតាកឹងបៃតង ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បណ្តាលឱ្យទឹកហូរមិនទាន់ និងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន។

ក្រោយទទួលបានព័ត៌មាន ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយសហការជាមួយកងវិស្វកម្មតេជោសែនសៀមរាប រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ បានចុះអន្តរាគមន៍ភ្លាមៗ ដោយធ្វើការកាយផ្តាច់ផ្លូវមួយចំនួន ដើម្បីបញ្ចៀស និងបង្ហូរមុខទឹកចេញពីតំបន់រងផលប៉ះពាល់។

ក្រោយប្រតិបត្តិការបង្ហូរទឹកអស់រយៈពេលប្រមាណ៣ម៉ោង ទឹកបានស្រកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋវិញជាស្ថាពរ។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់ក្រុមការងារសង្គ្រោះ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយអន្តរាគមន៍ និងដោះស្រាយស្ថានការណ៍ជំនន់ទឹកភ្លៀងបានទាន់ពេលវេលា៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…