ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោក មីន កុម្ភៈ ចូលរួមកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារពង្រឹងការបង្ក្រាបបទល្មើស Online Scam តាមប្រព័ន្ធ Zoom

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោក មីន កុម្ភៈ តំណាងអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំតាម Zoom ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយឯកឧត្តម ស សុខា ដើម្បីតាមដានការបង្ការ និងបង្ក្រាប Online Scam។

ខេត្តព្រះសីហនុ៖ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំវឌ្ឍមាស ដើម្បីតាមដានវឌ្ឍនភាពការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) តាមរយៈប្រព័ន្ធវីដេអូ Zoom នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយផ្តោតលើការពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងកំណត់ទិសដៅ និងវិធានការអនុវត្តបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ទម្រង់។

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ និងសមាសភាពចូលរួមបានពិភាក្សាយ៉ាងសកម្មលើបញ្ហាប្រឈម និងដំណោះស្រាយបច្ចេកទេសនានា ដើម្បីបង្កើនសមត្ថភាពកងកម្លាំងអនុវត្តច្បាប់ក្នុងការតាមដាន ស៊ើបអង្កេត និងបង្ក្រាបបទល្មើសឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ លោក មីន កុម្ភៈ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ព្រមទាំងចូលរួមចំណែកការពារសន្តិសុខជាតិឱ្យកាន់តែរឹងមាំ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…