ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការជំរុញទេសចរណ៍ក្នុងស្រុក គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការទ្រទ្រង់ និងពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា តាមរយៈយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ស្របតាមទស្សនាទាន «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» និង «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី»។
ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលវាយតម្លៃបញ្ចប់អាណត្តិនៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២១-២០២៥ និងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគោលការណ៍ណែនាំស្តីពី «ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត និងការវាយតម្លៃសមិទ្ធកម្ម» ដែលជាឯកសារគន្លឹះសម្រាប់ពង្រឹងប្រសិទ្ធភាពនៃការរៀបចំផែនការ ការតាមដាន និងការវាយតម្លៃសមិទ្ធផលវិស័យទេសចរណ៍នៅទូទាំងប្រទេស។
សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អភិបាលរងរាជធានី-ខេត្ត តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍ និងប្រធានមន្ទីរទេសចរណ៍ទាំង ២៥ រាជធានី-ខេត្ត ។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍សំខាន់ៗដល់រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ទាំងអស់ ឱ្យបន្តពង្រឹងការផ្សព្វផ្សាយគោលដៅទេសចរណ៍ កំណត់ម៉ាកសញ្ញា (Branding) របស់ខ្លួន បង្កើតការនិទានរឿង (Storytelling) អំពីតំបន់ទេសចរណ៍ និងកំណត់ម្ហូបអាហារអត្តសញ្ញាណប្រចាំតំបន់ (Signature Dish) ដើម្បីបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែង។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រកាសរៀបចំចលនាប្រឡងប្រណាំង «មន្ទីរទេសចរណ៍ឆ្នើម» សម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍អាណត្តិ ឆ្នាំ២០២៦-២០៣០ ផងដែរ៕
ដោយ៖ ប៉ៃ សុឃីម













