ខេត្តព្រះសីហនុ៖ ខណៈដែលខេត្តព្រះសីហនុ កំពុងបន្តក្លាយជាគោលដៅវិនិយោគដ៏មានសក្តានុពលមួយរបស់កម្ពុជា អនុគណៈកម្មាធិការវិនិយោគខេត្ត បានទទួលសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ចំនួន ១៤ សំណើ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ហើយបានអនុម័តចុះបញ្ជីជូនវិនិយោគិនចំនួន ១២ គម្រោងរួចមកហើយ ដោយអនុវត្តតាមក្របខណ្ឌពេលវេលាកំណត់ មិនលើសពី ២១ថ្ងៃ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ២ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងកំពង់សោម។
គម្រោងទាំងពីរនេះ រួមមាន ការបង្កើតរោងចក្របោះពុម្ពខ្នាតធំលើក្រដាស និងប្លាស្ទិក ព្រមទាំងរោងចក្រផលិតផ្ទាំងក្រណាត់គំនូរ បន្ទះស៊ុមគំនូរ ជើងទ្រគំនូរធ្វើពីឈើ គ្រឿងសង្ហារិម និងក្តារបន្ទះ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បិតត្រាំង និងសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ក្នុងនាមជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត លោកអភិបាលរងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ ឱ្យបន្តខិតខំបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ និងប្រសិទ្ធភាព តាមរយៈការរក្សាទំនាក់ទំនងល្អជាមួយវិនិយោគិន ការសម្របសម្រួលនីតិវិធី និងការផ្តល់ប្រឹក្សាយោបល់ជាប្រចាំ ដើម្បីធានាថាគម្រោងវិនិយោគអាចដំណើរការបានយ៉ាងរលូន។
ជាមួយគ្នានេះ លោកអភិបាលរងក៏បានជំរុញឱ្យម្ចាស់ទីតាំង ដែលជាបណ្តុំរោងចក្រ និងសហគ្រាស ពិចារណាអភិវឌ្ឍតំបន់របស់ខ្លួនឱ្យក្លាយជាសួនឧស្សាហកម្ម ដើម្បីបង្កើនភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគបន្ថែមទៀតមកកាន់ខេត្តព្រះសីហនុ។
ទន្ទឹមនឹងនេះ លោកអភិបាលរងក៏បានសំណូមពរដល់ក្រុមហ៊ុនទាំងពីរ ឱ្យចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងមូលដ្ឋាន តាមរយៈការអូសទាញវិនិយោគិនផ្សេងៗឱ្យមកបណ្តាក់ទុននៅខេត្តព្រះសីហនុ ការផ្តល់អាទិភាពការងារជូនប្រជាពលរដ្ឋក្នុងតំបន់ និងការធានាឱ្យកម្មករ-និយោជិតទទួលបានសេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្របតាមច្បាប់ជាធរមាន។
លើសពីនេះ លោកក៏បានណែនាំឱ្យក្រុមហ៊ុនយកចិត្តទុកដាក់លើសុវត្ថិភាពការងារ និងបរិស្ថានការងារ ដោយរៀបចំអគារឱ្យមានប្រព័ន្ធខ្យល់ចេញចូលល្អ បំពាក់ច្រកចេញចូលសុវត្ថិភាព និងឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ ព្រមទាំងចូលរួមដាំដើមឈើបន្ថែមនៅក្នុងទីតាំងរោងចក្រ ដើម្បីបង្កើតបរិយាកាសការងារប្រកបដោយផាសុកភាព និងនិរន្តរភាពសម្រាប់បុគ្គលិក និងកម្មករ៕
ដោយ៖ ប៉ៃ សុឃីម





















