ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្ត។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងផ្នែកនយោបាយ ចិត្តសាស្ត្រ វិន័យ សីលធម៌ និងស្មារតីទទួលខុសត្រូវរបស់កងកម្លាំង ដើម្បីធានាបាននូវការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព សុចរិតភាព និងវិជ្ជាជីវៈខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ។
ពិធីផ្សព្វផ្សាយនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងនាយទាហានជាច្រើនរូប រួមមាន ប្រធាន និងអនុប្រធានមន្ទីរទាំង៧ នាយ និងនាយរងការិយាល័យជំនាញចំណុះមន្ទីរ នាយ និងនាយរងការិយាល័យឯករាជ្យទាំង៣ ថ្នាក់ដឹកនាំ និងនាយទាហាននៃអង្គភាពនគរបាលយុត្តិធម៌ និងសន្តិសុខទាំង២ ព្រមទាំងនាយទាហាន និងនាយទាហានរងនៃកងអនុសេនាតូចការពារ កងអនុសេនាធំកងរាជអាវុធហត្ថចល័ត និងបណ្តាអង្គភាពពាក់ព័ន្ធផ្សេងៗទៀត។
សរុបអ្នកចូលរួមមានចំនួន ១០៣នាក់ ក្នុងនោះកងកម្លាំងអាវុធហត្ថនារីចំនួន ៤នាក់ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មក្នុងការពង្រឹងសមត្ថភាព និងគុណភាពកងកម្លាំងឱ្យកាន់តែរឹងមាំ ស្របតាមតម្រូវការភារកិច្ចនាពេលបច្ចុប្បន្ន៕
ដោយ៖ ប៉ៃ សុឃីម





















