ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅរសៀលថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ បានយាងនិវត្តន៍ពីទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន មកដល់ព្រះរាជាណាចក្រកម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីព្រះអង្គទាំងទ្វេបានយាងគង់ប្រថាប់ ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពអស់រយៈពេលជាច្រើនខែ។
ការយាងនិវត្តន៍របស់ព្រះអង្គទាំងទ្វេ គឺជាដំណឹងដ៏រីករាយ និងមហាមង្គលសម្រាប់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។ ព្រះរាជវត្តមានរបស់ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ នៅលើទឹកដីមាតុភូមិជាថ្មី បានបង្ហាញពីការប្រសើរឡើងនៃព្រះរាជសុខភាព បន្ទាប់ពីទទួលបានការពិនិត្យ និងថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញរបស់សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងអំឡុងពេលគង់ប្រថាប់នៅទីក្រុងប៉េកាំង ព្រះអង្គទាំងទ្វេបានទទួលការពិនិត្យ និងព្យាបាលព្រះរាជសុខភាពប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យចិន។ ការគាំទ្រផ្នែកវេជ្ជសាស្ត្រនេះ ក៏ឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសក្នុងវិស័យសុខាភិបាល។
ប្រជាពលរដ្ឋកម្ពុជាជាច្រើន បានសម្ដែងនូវសេចក្ដីរីករាយចំពោះការយាងនិវត្តន៍របស់ព្រះអង្គទាំងទ្វេ។ ព្រះរាជវត្តមានរបស់ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ តែងតែជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងជាកម្លាំងលើកទឹកចិត្តដល់ប្រជារាស្ត្រខ្មែរ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។
សូមជម្រាបថា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ជាទូទៅ ព្រះអង្គទាំងទ្វេតែងតែយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ចំនួន២ដងក្នុងមួយឆ្នាំ តាមការកំណត់របស់ក្រុមគ្រូពេទ្យជំនាញចិន





















