ក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៦ កម្មករ-និយោជិតនៅទូទាំងប្រទេស បានជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣,៤១១ករណី បណ្តាលឱ្យមានជនរងគ្រោះសរុប ៣,៨៤៧នាក់ ក្នុងនោះស្លាប់ ៦៣នាក់ រងរបួសធ្ងន់ ៩៧៨នាក់ និងរងរបួសស្រាល ២,៨០៦នាក់។ ចំនួនករណីនេះបានកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានត្រឹម ២,៣០៩ករណីប៉ុណ្ណោះ។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងចំណោមជនរងគ្រោះសរុប មានស្ត្រីចំនួន ២,៥៧៣នាក់។
ដោយឡែក គ្រោះថ្នាក់ពាក់ព័ន្ធនឹងរថយន្តដឹកកម្មករ-និយោជិត មានចំនួន ១០ករណី បណ្តាលឱ្យមានជនរងគ្រោះសរុប ២២៧នាក់ ក្នុងនោះស្លាប់ ១៤នាក់ រងរបួសធ្ងន់ ៣៤នាក់ និងរបួសស្រាល ១៧៩នាក់។
លោកបណ្ឌិតបានបញ្ជាក់ថា បើទោះបីជាចំនួនករណីគ្រោះថ្នាក់ និងអ្នករងគ្រោះមានការកើនឡើងក៏ដោយ ប៉ុន្តែចំនួនអ្នកស្លាប់បានថយចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានអ្នកស្លាប់រហូតដល់ ៩០នាក់។
តាមការវិភាគ មូលហេតុចម្បងដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរបញ្ច្រាសទិស មិនគោរពសិទ្ធិអាទិភាព ការបត់មិនត្រឹមត្រូវ និងបញ្ហាបច្ចេកទេសយានយន្ត។
ក្នុងឱកាសនោះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានអំពាវនាវដល់កម្មករ-និយោជិត និងអ្នកបើកបររថយន្តដឹកកម្មករទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងពេលបើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិត។
ជាមួយគ្នានេះ ប.ស.ស កំពុងបន្តអនុវត្តវិធានការអប់រំ និងផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ដល់កម្មករ-និយោជិត និងអ្នកបើកបររថយន្តដឹកកម្មករ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព ការសិក្សាស្រាវជ្រាវពីមូលហេតុនៃគ្រោះថ្នាក់ និងការផ្សព្វផ្សាយតាមរយៈវីដេអូ សារអប់រំ និងបណ្ដាញសង្គមនានា។
បន្ថែមពីនេះ ប.ស.ស ក៏កំពុងជំរុញឱ្យរថយន្តប្រភេទដឹកទំនិញ និងម៉ូតូសណ្តោងរ៉ឺម៉កដែលប្រើសម្រាប់ដឹកកម្មករ-និយោជិត ផ្លាស់ប្តូរមកប្រើរថយន្តដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយសមស្រប ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរប្រចាំថ្ងៃរបស់កម្មករ-និយោជិត៕
ដោយ៖ ប៉ៃ សុឃីម











