ក្រសួងទេសចរណ៍កំពុងរៀបចំផែនការអភិវឌ្ឍតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងជំនឿដ៏សំខាន់ និងឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ ប្រកបដោយគុណភាព ចីរភាព និងភាពប្រកួតប្រជែងខ្ពស់។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍ និងប្រតិបត្តិករទេសចរណ៍នៅភ្នំគូលែន កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ពីចក្ខុវិស័យក្នុងការអភិវឌ្ឍភ្នំគូលែនឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់បន្ទាប់ពីតំបន់អង្គរ ដោយផ្តោតលើការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងតម្លៃជំនឿសាសនា។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អាជ្ញាធរខេត្តសៀមរាប មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងវិស័យឯកជន និងប្រជាសហគមន៍ទាំង៥ សរុបប្រមាណ ២០០នាក់ ដើម្បីពិភាក្សា ស្តាប់បញ្ហាប្រឈម និងសំណូមពរពីសហគមន៍ក្នុងតំបន់។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណដល់ប្រជាសហគមន៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ភ្នំគូលែនទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ផែនការអភិវឌ្ឍនេះ មានគោលបំណងបង្កើនបទពិសោធន៍ដល់ភ្ញៀវទេសចរ ទាក់ទាញភ្ញៀវឱ្យមកទស្សនាពេញមួយឆ្នាំ ទាំងរដូវទេសចរណ៍ខ្ពស់ និងរដូវបៃតង (Green Season) ស្របតាមគោលនយោបាយអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្នរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរ ក្រសួងទេសចរណ៍ក៏បានផ្តល់ការឧបត្ថម្ភដល់សហគមន៍ទាំង៥ ដោយក្នុងមួយសហគមន៍ទទួលបានថវិកា ១លានរៀល ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងរដូវវស្សា រួមមានឆ័ត្រ Green Season ចំនួន២០ និងអាវភ្លៀង Green Season ចំនួន២០ ផងដែរ៕
ដោយ៖ ប៉ៃ សុឃីម













