ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin)ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសទាំងអស់នៅលើពិភពលោក មិនថាជាប្រទេសធំ ឬតូច មាន ឬក្រ ខ្លាំង ឬខ្សោយ នោះទេ សុទ្ធតែមានសិទ្ធិ និងសមភាពដូចគ្នា ក្នុងទំនាក់ទំនងអន្តរជាតិ។
ការលើកឡើងនេះ ធ្វើឡើងតាមរយៈសំណេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីលោកបានចែករំលែកទស្សនៈរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ស្តីពី «ភូមិសាស្ត្របាល់ទាត់»។
នៅក្នុងសារនោះ សម្តេចតេជោបានលើកឡើងថា ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ បានបង្ហាញយ៉ាងច្បាស់ថា បាល់ទាត់មិនរើសអើងប្រទេសមាន ឬក្រ ប្រទេសធំ ឬតូច និងមិនរើសអើងចំនួនប្រជាជននោះទេ។ ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសដែលមានប្រជាជនតិច ក៏អាចប្រកួតប្រជែង និងយកឈ្នះលើក្រុមខ្លាំងៗបានដូចគ្នា។
សម្តេចតេជោបានបញ្ជាក់ថា វត្តមានកាន់តែច្រើនរបស់ប្រទេសក្រីក្រ និងប្រទេសដែលមានប្រជាជនតិច ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក បានបង្ហាញពីសមភាពនៅលើទីលានប្រកួត ដែលខុសពី «ភូមិសាស្ត្រនយោបាយ» ដែលពិភពលោកកំពុងប្រឈមនឹងភាពច្របូកច្របល់ និងការបាត់បង់សណ្តាប់ធ្នាប់អន្តរជាតិ។
ភ្ជាប់ទៅនឹងទស្សនៈនេះ ឯកឧត្តម វ៉ាង វិនពីន បានគូសបញ្ជាក់ថា គោលការណ៍សមភាពរវាងប្រទេស មិនគួរមានតែនៅលើទីលានបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែគួរតែត្រូវបានអនុវត្ត និងឆ្លុះបញ្ចាំងនៅក្នុងគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងអន្តរជាតិផងដែរ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា «ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជា គឺជាគំរូដ៏ល្អនៃការគោរពគ្នាទៅវិញទៅមក និងសមភាពរវាងប្រទេសនិងប្រទេស»៕
ដោយ៖ ប៉ៃ សុឃីម








