ខេត្តព្រះសីហនុ៖ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យជាជនជាតិចិនម្នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីកាន់កាប់ រក្សាទុក និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។
ប្រតិបត្តិការនេះ បានអនុវត្តក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងស្ថិតក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
នៅវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង និងមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា និងលោក កង ធីរ៉េម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យឈ្មោះ SHUN ZHENG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងមិនមានលិខិតឆ្លងដែន រួមជាមួយវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ។
ជនសង្ស័យត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើស កាន់កាប់ រក្សាទុក និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដោយជនបរទេស។ បច្ចុប្បន្ន សំណុំរឿងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីបន្តអនុវត្តនីតិវិធីស្របតាមច្បាប់។
ដោយ៖ សុខ ស៊ីណាន
















