ក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នាបង្កឱ្យមានការជន់លិចខ្សែផ្លូវ ស្ពានរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅខេត្តភាគពាយ័ព្យរួមមាន៖ ប៉ៃលិន ពោធិ៍សាត់ និងបាត់ដំបង។ យ៉ាងណា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦នេះ ទឹកភ្លៀងបានស្រកហើយ តែភ្លៀងនៅបន្តរលឹមឥតដាច់គ្រាប់។ នេះបើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៥ កក្កដានេះ។
ឯកឧត្តម ផន រឹម បានបញ្ជាក់ថា ភ្លៀងធ្លាក់ជាប់ៗគ្នានៅខេត្តភាគពាយ័ព្យ បណ្តាលឱ្យខ្សែផ្លូវ ស្ពាន ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រងការជន់លិចរយៈពេលខ្លី រំខានខ្លះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
បើតាមឯកឧត្តម ផន រឹម បានឱ្យដឹងតាមរយៈការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ពោធិ៍សាត់ និងបាត់ដំបង នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦នេះថា ពេលនេះទឹកបានស្រក ខណៈដែលភ្លៀងនៅបន្តរលឹមឥតដាច់គ្រាប់។
ចំណែក រដ្ឋបាលស្រុកសំឡូត ខេត្តបាត់ដំបង បានប្រកាសថា ទឹកស្ទឹងក្រញូង និងស្ទឹងបរឡាង ទើបតែឡើងតិចតួចនៅឡើយ។ រដ្ឋបាលស្រុកសំឡូត នៅថ្ងៃទី០៤ ខែកក្កដា បានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងស្រុកសំឡូត ដែលរស់នៅតាមដងស្ទឹង អូរប្រឡាយ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះសុវត្ថិភាពមនុស្សចាស់ កុមារ និងទ្រព្យសម្បត្តិ ព្រមទាំងសម្ភារ:ផ្សេងៗ ព្រោះស្ថានភាពមេឃនៅតែបន្តភ្លៀងធ្លាក់មិនទាន់ឈប់។ ទន្ទឹមនឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូននៅខេត្តភាគពាយ័ព្យបន្តតាមដានស្ថានភាពទឹក និងត្រៀមខ្លួនជានិច្ចអន្តរាគមន៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕
ដោយ៖ ង៉ែត ពិសាន្ត














