គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ គម្រោងសាងសង់សំណង់ស្ទាក់ទឹកនៅលើស្ទឹងស្ទោង សម្រេចលទ្ធផលបានប្រមាណ ៦០ភាគរយនៃគម្រោងទាំងមូល។ គម្រោងនេះ នឹងក្លាយជាប្រភពទឹកស្រោចស្រពដ៏យ៉ាងសំខាន់ ក្នុងការបម្រើឱ្យការងារបង្កបង្កើនផលស្រូវវស្សាចំនួន ២៧៥០ ហិកតា និងស្រូវប្រាំងចំនួន ៨២៥ហិកតា។
កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹកបន្ទាយស្ទោង ដែលស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកប្រធាននាយកដ្ឋាន បានបញ្ជាក់ថា សំណង់ស្ទាក់ទឹកបន្ទាយស្ទោង មានតួនាទីយ៉ាងសំខាន់ក្នុងការទទួលទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងទឹកដែលហូរធ្លាក់មកពីទំនប់អាងទឹក «៣០កញ្ញា» រួចបន្តហូរតាមបណ្តោយស្ទឹងស្ទោងឆ្ពោះទៅកាន់បឹងទន្លេសាប។
ក្រោយពេលការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ គម្រោងមួយនេះ នឹងក្លាយជាប្រភពទឹកស្រោចស្រពដ៏យ៉ាងសំខាន់ ក្នុងការបម្រើឱ្យការងារបង្កបង្កើនផលស្រូវវស្សាចំនួន ២៧៥០ ហិកតា និងស្រូវប្រាំងចំនួន ៨២៥ហិកតា ព្រមទាំងផ្តល់អត្ថប្រយោជន៍ផ្ទាល់សម្រាប់តម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាកសិករប្រមាណ ២៨៨០ គ្រួសារ គ្របដណ្តប់លើភូមិចំនួន ១៤ ក្នុងឃុំបន្ទាយស្ទោង។
ទន្ទឹមនឹងនេះ លោកប្រធាននាយកដ្ឋានវិស្វកម្ម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាន និងបានណែនាំដល់ប្រធានការដ្ឋាន ព្រមទាំងក្រុមការងារបច្ចេកទេស ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងប្រើប្រាស់គ្រឿងចក្រឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកបានសង្កត់ធ្ងន់ឱ្យក្រុមការងារអនុវត្តតាមបទដ្ឋានបច្ចេកទេសឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមលក្ខខណ្ឌបច្ចេកទេសរបស់គម្រោង ដើម្បីធានាគុណភាពសំណង់ឱ្យមានភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង និងជំរុញល្បឿនការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់៕
ដោយ៖ ង៉ែត ពិសាន្ត























