ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យគម្រោងផ្លូវបេតុង ៥ខ្សែ ជំរុញគុណភាពសំណង់ និងណែនាំប្រជាពលរដ្ឋរួមគ្នាថែរក្សាហេដ្ឋារចនាសម្ព័ន្ធ

KPS99TVសរសេរ:ប៉ៃ សុឃីមថតរូប:ទាវ វិឆាត

សេចក្តីសង្ខេប

នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានពិនិត្យគម្រោងផ្លូវបេតុង៥ខ្សែ នៅសង្កាត់លេខ៤និងលេខ១ ដោយណែនាំឱ្យផ្តោតលើគុណភាព ប្រព័ន្ធលូ និងការចូលរួមថែរក្សាផ្លូវរបស់ប្រជាពលរដ្ឋ។

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវបេតុងចំនួន ៥ខ្សែ ដែលក្នុងនោះមាន ៤ខ្សែ ស្ថិតក្នុងសង្កាត់លេខ៤ និង ១ខ្សែ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ និងការរៀបចំប្រព័ន្ធលូរំដោះទឹកឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដើម្បីធានាការបង្ហូរទឹកបានល្អ កាត់បន្ថយការកកស្ទះ និងបង្ការការជន់លិចនៅពេលមានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងការពារការខូចខាតផ្លូវសាធារណៈ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តពង្រឹងការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ដែលនៅសេសសល់ ជាពិសេសការរៀបចំប្រព័ន្ធលូ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យរួមគ្នាថែរក្សាផ្លូវបេតុងដែលទើបស្ថាបនាថ្មី ដោយមិនត្រូវដឹកជញ្ជូនលើសទម្ងន់ មិនបោះសំរាមចូលក្នុងប្រព័ន្ធលូ និងរក្សាបរិស្ថានឱ្យស្អាត ដើម្បីឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់បានយូរអង្វែង និងលើកកម្ពស់សោភ័ណភាពទីក្រុង។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ ក៏បានជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ដែលទើបទទួលបានផ្លូវបេតុងថ្មី។

ប្រជាពលរដ្ឋបានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។ ពួកគាត់បានលើកឡើងថា កាលពីមុនតំបន់នេះពុំមានផ្លូវបេតុងប្រើប្រាស់ឡើយ បង្កការលំបាកក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវវស្សា។

 ប៉ុន្តែបច្ចុប្បន្ន ការធ្វើដំណើរមានភាពងាយស្រួលជាងមុន ទាំងការដឹកជញ្ជូនកសិផល ការប្រកបរបររកស៊ី និងការធ្វើដំណើរទៅសាលារៀនរបស់សិស្សានុសិស្ស ដែលបានរួមចំណែកលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកាន់តែប្រសើរឡើងបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…