មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល រួមជាមួយរដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បានចុះដោះស្រាយដោយផ្ទាល់ករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនបូមខ្សាច់នៅស្រុកពាមរក៍ បន្ទាប់ពីមានការតវ៉ាពីប្រជាពលរដ្ឋដែលអះអាងថា សកម្មភាពបូមខ្សាច់បានបង្កការបាក់ច្រាំងទន្លេ និងប៉ះពាល់ដល់ជីវភាពរស់នៅ។
កិច្ចប្រជុំដោះស្រាយធ្វើឡើងនៅសាលាស្រុកពាមរក៍ ក្រោមអធិបតីភាព ឯកឧត្តម យស មុនីរ៉ាត់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង។
ក្នុងកិច្ចប្រជុំ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ បានបញ្ជាក់ថា ក្រុមហ៊ុនចតុមុខ មានអាជ្ញាប័ណ្ណស្របច្បាប់ និងកំពុងបូមខ្សាច់នៅក្នុងដែនអាជ្ញាប័ណ្ណរបស់ខ្លួន។ លោកបន្ថែមថា មុនផ្តល់អាជ្ញាប័ណ្ណ ក្រសួងបានសិក្សា និងវាយតម្លៃលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់រួចហើយ។
ជុំវិញការព្រួយបារម្ភអំពីការបាក់ច្រាំងទន្លេ លោកអគ្គនាយកបានបញ្ជាក់ថា ការចុះពិនិត្យជាក់ស្តែងរបស់មន្ត្រីជំនាញ មិនបានរកឃើញភស្តុតាងបញ្ជាក់ថា ការបូមខ្សាច់នៅទីតាំងនេះជាមូលហេតុនៃការបាក់ច្រាំងទន្លេនោះទេ។
លោកបានពន្យល់បន្ថែមថា ការបូមខ្សាច់មានគោលបំណងកែសម្រួលជម្រៅបាតទន្លេឱ្យមានសមតុល្យ កាត់បន្ថយហានិភ័យនៃការបាក់ច្រាំង និងជួយសម្រួលដល់ការធ្វើនាវាចរណ៍របស់នាវាដឹកទំនិញធុនធ្ងន់តាមដងទន្លេមេគង្គ។
ដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ ក្រសួងបានដាក់ចេញយន្តការថ្មី ដោយអនុញ្ញាតឱ្យក្រុមហ៊ុនបន្តបូមខ្សាច់ក្នុងដែនអាជ្ញាប័ណ្ណដដែល ប៉ុន្តែត្រូវដាក់ពោងសម្គាល់ទីតាំងចាប់ពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ៦:០០ល្ងាច និងត្រូវផ្លាស់ទីសាឡង់ និងពោងចេញក្រៅតំបន់នៅក្រៅម៉ោងនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការនេសាទ។
ឯកឧត្តម យស មុនីរ៉ាត់ បានគាំទ្រដំណោះស្រាយនេះ ដោយចាត់ទុកថា ជាមធ្យោបាយដែលអាចរក្សាផលប្រយោជន៍រួមរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ។ លោកក៏បានប្រកាសបង្កើតប៉ុស្តិ៍ត្រួតពិនិត្យមួយនៅផ្ទះមេភូមិ ដើម្បីឱ្យភាគីពាក់ព័ន្ធរួមគ្នាតាមដានសកម្មភាពបូមខ្សាច់។ ប្រសិនបើរកឃើញការបូមក្រៅដែនអាជ្ញាប័ណ្ណ នឹងរាយការណ៍ជាបន្ទាន់ទៅក្រសួង ដើម្បីចាត់វិធានការ រួមទាំងការដកហូតអាជ្ញាប័ណ្ណ។
ជាមួយគ្នានេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពអត់ធ្មត់ និងរាយការណ៍បញ្ហាតាមរយៈអាជ្ញាធរ និងសមត្ថកិច្ច ដើម្បីដោះស្រាយតាមនីតិវិធី ជៀសវាងការប្រើអំពើហិង្សាដែលអាចបង្កផលវិបាកបន្ថែម។
អាជ្ញាធរក៏បានបញ្ជាក់ថា ទោះបីប្រជាពលរដ្ឋដែលបានចូលរួមតវ៉ាមិនបានចូលរួមកិច្ចប្រជុំតាមការអញ្ជើញក៏ដោយ ក៏ភាគីពាក់ព័ន្ធនឹងបន្តស្វែងរកដំណោះស្រាយប្រកបដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព ដើម្បីធានាការរួមរស់ដោយសុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ៖ ប៉ៃ សុឃីម
























