ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦) ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងអង្គភាពពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ នៅតំបន់ប្រាសាទសំបូរព្រៃគុក នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡានមុនសម័យអង្គរ»។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយថ្នាក់ដឹកនាំទាំងពីរបានចូលរួមជិះកង់ជាមួយអត្តពលិក និងប្រជាពលរដ្ឋផ្ទាល់ ដើម្បីបង្ហាញការគាំទ្រដល់ការលើកកម្ពស់វិស័យទេសចរណ៍ កីឡា និងការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ។
ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីអត្តពលិកជាតិ និងអន្តរជាតិ ប្រមាណជាង ២,០០០នាក់ ដែលបានរួមគ្នាជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ តាមដងផ្លូវធម្មជាតិ និងតំបន់ប្រាសាទបុរាណ បង្កើតបរិយាកាសរស់រវើក និងបង្ហាញពីសក្តានុពលទេសចរណ៍បែបវប្បធម៌ និងធម្មជាតិរបស់ខេត្តកំពង់ធំ។
ការរៀបចំព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការអបអរសាទរខួប៩ឆ្នាំ នៃការទទួលស្គាល់សំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជំរុញឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមស្គាល់កាន់តែច្បាស់ពីតម្លៃប្រវត្តិសាស្ត្រ អរិយធម៌ និងស្ថាបត្យកម្មដ៏វិសេសវិសាលនេះ។
ជាមួយគ្នានេះ ព្រឹត្តិការណ៍ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្សារភ្ជាប់វិស័យកីឡា ទេសចរណ៍ វប្បធម៌ និងការអភិរក្សបេតិកភណ្ឌ ឱ្យក្លាយជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់តំបន់ប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់កម្ពុជា៕
ដោយ៖ ប៉ៃ សុឃីម






















