ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មាន ជូនដំណឹងដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីរកឃើញថា មានជនខិលខូចបានយករូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតគណនី Telegram ក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តអំពើឆបោក និងសកម្មភាពផ្សេងៗដែលផ្ទុយនឹងច្បាប់។
តាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា សកម្មភាពក្លែងបន្លំនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កិត្យានុភាពរបស់ក្រសួងព័ត៌មាន ព្រមទាំងស្ថាប័នរដ្ឋ និងបានរំលោភលើឯកជនភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ ឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់។
បច្ចុប្បន្ន ក្រសួងព័ត៌មានកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណជនពាក់ព័ន្ធនឹងការក្លែងបន្លំ ការប្រព្រឹត្តអំពើឆបោក និងសកម្មភាពខុសច្បាប់ផ្សេងៗ ដោយនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកប្រព្រឹត្តបទល្មើស។
ជាមួយគ្នានេះ ក្រសួងព័ត៌មាន សូមអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវជឿ ឬធ្វើប្រតិបត្តិការណាមួយជាមួយគណនីបណ្ដាញសង្គមដែលមិនមែនជាគណនីផ្លូវការ និងសូមពិនិត្យផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងធ្វើការទំនាក់ទំនង ឬចែករំលែកព័ត៌មានបន្ត ដើម្បីជៀសវាងការចាញ់បោកជនខិលខូច។
ដោយ៖ KPS99TV







