ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា និងចិន វាយតម្លៃខ្ពស់លទ្ធផលសិក្ខាសាលាប្រព័ន្ធផ្សព្វផ្សាយ Global South ពង្រឹងសមត្ថភាព និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ

KPS99TV

សេចក្តីសង្ខេប

វគ្គសិក្ខាសាលា១៤ថ្ងៃសម្រាប់មន្ត្រីព័ត៌មាននិងអ្នកសារព័ត៌មានពីបណ្តាប្រទេស Global South បានរៀបចំពិធីបិទនៅប៉េកាំង នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ តំណាងកម្ពុជានិងចិនបានចែករំលែកលទ្ធផលសិក្សាផ្នែកបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ AI និងទស្សនកិច្ចនៅប៉េកាំងនិងនីងសៀ។

ប៉េកាំង៖ វគ្គសិក្ខាសាលាសម្រាប់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសនៃតំបន់ភាគខាងត្បូងសកល (Global South) ដែលបានរៀបចំឡើងនៅសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេល ១៤ថ្ងៃ បានបិទបញ្ចប់ដោយជោគជ័យ ដោយទទួលបានការវាយតម្លៃខ្ពស់ពីទាំងភាគីកម្ពុជា និងភាគីចិន ចំពោះលទ្ធផលជាក់ស្តែងក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនៃតំបន់ភាគខាងត្បូង។

ថ្លែងក្នុងពិធីបិទសិក្ខាសាលា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក ហេ ដុងបូ អនុប្រធានគណៈកម្មាធិការបក្ស និងជាអនុប្រធានក្រុមហ៊ុន CBIC បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែជាវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ឱ្យសិក្ខាកាមនូវការយល់ដឹងស៊ីជម្រៅអំពីការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន និងគំរូអភិវឌ្ឍន៍ដែលផ្អែកលើបច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងអំឡុងពេលសិក្សា សិក្ខាកាមបានស្វែងយល់អំពីបទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសចិននៅទីក្រុងប៉េកាំង និងបានធ្វើទស្សនកិច្ចសិក្សានៅតំបន់ស្វយ័តនីងសៀ ហ៊ុយ (Ningxia Hui Autonomous Region) ដោយបានសិក្សាពីគំរូអភិរក្សបរិស្ថាននៅឧទ្យានជាតិប៉ៃជីថាន កម្មវិធីលុបបំបាត់ភាពក្រីក្រនៅទីក្រុងមីននីង ព្រមទាំងទស្សនាក្រុមហ៊ុនបច្ចេកវិទ្យា Zhuse Technology និង Lingji Digital Technology ដើម្បីស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្ម និងប្រព័ន្ធផ្សព្វផ្សាយទំនើប។ សិក្ខាកាមក៏បានជួបពិភាក្សាជាមួយស្ថានីយទូរទស្សន៍នីងសៀ អំពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយបែបស៊ីជម្រៅផងដែរ។

លោក ហេ ដុងបូ បានគូសបញ្ជាក់ថា សិក្ខាសាលានេះបានក្លាយជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈ និងបង្កើតគំនិតថ្មីៗក្នុងការផ្សព្វផ្សាយព័ត៌មានរបស់បណ្តាប្រទេស Global South។ លោកបានបន្ថែមថា ក្នុងបរិបទនៃការប្រែប្រួលសកល អ្នកសារព័ត៌មាននៃបណ្តាប្រទេសកំពុងអភិវឌ្ឍ មានទំនួលខុសត្រូវរួមក្នុងការលើកកម្ពស់សំឡេងរបស់ខ្លួន និងរួមចំណែកកសាងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលមានតុល្យភាព យុត្តិធម៌ និងភាពចម្រុះជាងមុន។ ទោះបីវគ្គសិក្សាបានបញ្ចប់ក៏ដោយ លោកបានបញ្ជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនឹងបន្តរីកចម្រើន ហើយ CBIC នឹងបន្តជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហការផ្នែកប្រព័ន្ធផ្សព្វផ្សាយជាមួយបណ្តាប្រទេសជាដៃគូ។

តំណាងសិក្ខាកាមកម្ពុជា លោក ជួន ចាន់ភារុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន និងគណៈកម្មការរៀបចំ ដែលបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ការរៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍។ លោកបានលើកឡើងថា សិក្ខាសាលានេះបានផ្តល់ចំណេះដឹងលើសពីការរំពឹងទុក ជាពិសេសអំពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឌីជីថល ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈ។

ក្រៅពីការសិក្សាក្នុងថ្នាក់ គណៈប្រតិភូកម្ពុជាក៏បានធ្វើទស្សនកិច្ចនៅ ZOOXER TECH ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាកាមេរ៉ាស្វ័យប្រវត្តិដែលដំណើរការដោយ AI ទស្សនា Beijing Langyuan Station ដែលបានបម្លែងពីអតីតឃ្លាំងវាយនភណ្ឌទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យា AIGC ទំនើប ព្រមទាំងទស្សនាមហាកំផែងចិន និងតំបន់ស្វយ័តនីងសៀ ហ៊ុយ ដើម្បីសិក្សាអំពីអរិយធម៌ វប្បធម៌ និងបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ប្រទេសចិន។

នៅក្នុងឱកាសបិទកម្មវិធី លោក ហេ ដុងបូ បានបង្ហាញជំនឿជាក់ថា ចំណេះដឹង និងបទពិសោធន៍ដែលសិក្ខាកាមទទួលបាន នឹងត្រូវយកទៅអនុវត្តនៅក្នុងស្ថាប័នរៀងៗខ្លួន ដើម្បីជំរុញការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាន និងពង្រឹងចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសនៃតំបន់ភាគខាងត្បូងឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពថែមទៀត។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…