តំបន់សេដ្ឋកិច្ចពិសេស ISI SEZ ជាគម្រោងរបស់ក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបម៉ិន ឯ.ក បាននិងកំពុងសម្រុកការសាងសង់ដែលគ្រោងបើកដំណើរការជាផ្លូវការនៅអំឡុងខែកញ្ញាឬខែតុលា ឆ្នាំ២០២៦ខាងមុខ ដោយរំពឹងទាក់ទាញក្រុមហ៊ុន និងរោងចក្របានច្រើនបន្ថែមហើយអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋយ៉ាងហោចណាស់ ៣ពាន់កន្លែង។
បើតាមលោក ច័ន្ទ សុផល នាយកផ្នែកទីផ្សារនៃតំបន់សេដ្ឋកិច្ចពិសេស ISI SEZ ធ្វើបទបង្ហាញជូនឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងគណប្រតិភូ នៅពេលចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ISI SEZ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ISI SEZ ចែកចេញជា៣ដំណាក់កាលក្នុងការសាងសង់លើផ្ទៃទំហំសរុប ៨០០ហិចតា ស្ថិតនៅភូមិត្រពាំងគារ និងភូមិត្រពាំងមូល ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាគម្រោងវិនិយោគខ្នាតធំទី៣ របស់ក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត បន្ទាប់ពីសួនឧស្សាហកម្មចំនួន២ នៅរាជធានីភ្នំពេញ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោក ច័ន្ទ សុផល បានបញ្ជាក់ថា បច្ចុប្បន្ន គម្រោងនេះស្ថិតក្នុងដំណាក់កាលទី១ កំពុងសម្រុកការសាងសង់លើផ្ទៃដីទំហំ ២០០ហិចតា ដែលផ្តោតទៅហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា៖ អភិវឌ្ឍន៍រោងចក្រផលិតទឹកស្អាត, អាងប្រពឹត្តកម្មទឹកកខ្វក់, ការតភ្ជាប់បណ្តាញអ៊ីនធើណែត អនុស្ថានីយ៍អគ្គិសនី ការសាងសង់ផ្លូវខាងក្នុងតំបន់ និងផ្លូវតភ្ជាប់ទៅផ្លូវសម្តេចទេព វង្ស និងការសាងសង់បន្ទប់ស្នាក់នៅសម្រាប់បុគ្គលិកនិងកម្មករកម្មការិនីដែលគ្រោងបញ្ចប់នៅអំឡុងខែក្រោយ។ ជាងនេះទៅទៀត លោកបានបញ្ជាក់បន្ថែមថា ការពន្លឿនការសាងសង់ផ្លូវខាងក្នុងតំបន់ និងផ្លូវតភ្ជាប់ទៅផ្លូវសម្តេចទេព វង្ស គឺដើម្បីសម្រួលឱ្យអតិថិជនមានភាពងាយស្រួយក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ទៅមកកំពង់ផែ និងផ្លូវល្បឿនលឿន។
បើតាមលោក ច័ន្ទ សុផល គម្រោងនេះអាចនឹងរួចរាល់ហើយដាក់ឱ្យដំណើរការជាផ្លូវការនូវដំណាក់កាលទី១ ចាប់ពី ២ឬ៣ខែខាងមុខ ដែលរំពឹងថា នឹងជួយគាំទ្រផលិតផលរបស់ក្រុមហ៊ុន និងរោងចក្រក្នុងតំបន់ ហើយអាចទាក់ទាញវិនិយោគកាន់តែច្រើនបន្ថែមទៀតដែលអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានយ៉ាងហោចណាស់ពី ២០០០កន្លែងទៅ ៣០០០កន្លែង។
យ៉ាងណា បច្ចុប្បន្ន នៅក្នុងគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងសម្រុកការសាងសង់ខាងលើ បានទទួលក្រុមហ៊ុនធំៗចំនួន២រួចទៅហើយគឺ ក្រុមហ៊ុនផលិតសំបកកង់រថយន្ត ROADBOSS TIRE (CAMBODIA) CO.,LTD. និងរោងចក្រផលិតសារធាតុគីមី (ស័ង្គសីអុកស៊ីត) របស់ក្រុមហ៊ុន អ័រលន់ ហ្ស៊ីន អ៊ីនដាសស្ត្រី (ខេមបូឌា) ឯ.ក។
សូមជម្រាបថា ISI SEZ ជាតំបន់សេដ្ឋកិច្ចពិសេសទី៦ ដែលបង្កើតឡើងនៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ, តំបន់សេដ្ឋកិច្ចពិសេសចេជាង, តំបន់សេដ្ឋកិច្ចពិសេសហ្គ្រេនបូកគោ និងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូមេធលលីន មេធៀរៀល៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា

















