ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រតិភូបច្ចេកទេសជប៉ុន ចុះសិក្សាការចិញ្ចឹមបង្គា និងក្តាមថ្មនៅព្រៃនប់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវារីវប្បកម្ម

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ប្រតិភូបច្ចេកទេសវារីវប្បកម្មជប៉ុន ចុះកសិដ្ឋានបង្គានិងក្តាមថ្ម នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ ការចុះពិនិត្យដឹកនាំដោយអនុរដ្ឋលេខាធិការកសិកម្ម ជា ឆេង ដើម្បីផ្លាស់ប្ដូរបច្ចេកទេសនិងគាំទ្រសមត្ថភាពអ្នកចិញ្ចឹម។

ខេត្តព្រះសីហនុ៖ ប្រតិភូបច្ចេកទេសផ្នែកវារីវប្បកម្មមកពីប្រទេសជប៉ុន បានអញ្ជើញចុះទស្សនកិច្ចសិក្សានៅកសិដ្ឋានចិញ្ចឹមបង្គា និងក្តាមថ្មមួយកន្លែង ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីបច្ចេកទេសចិញ្ចឹម និងការគ្រប់គ្រងវារីវប្បកម្ម សំដៅលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម។

ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយ ឯកឧត្តម ជា ឆេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអមដំណើរចូលពីលោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តព្រះសីហនុ លោកអភិបាលស្រុកព្រៃនប់ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ប្រតិភូជប៉ុន និងមន្ត្រីជំនាញកម្ពុជា បានពិនិត្យស្ថានភាពជាក់ស្តែងនៃការចិញ្ចឹមបង្គា និងក្តាមថ្ម ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកបច្ចេកទេសល្អៗ ដើម្បីជួយពង្រឹងគុណភាពផលិតកម្ម និងលើកកម្ពស់សមត្ថភាពអ្នកចិញ្ចឹមក្នុងស្រុក។

ដំណើរទស្សនកិច្ចនេះ ក៏បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ក្នុងការគាំទ្រការអភិវឌ្ឍវិស័យវារីវប្បកម្ម តាមរយៈការផ្ទេរចំណេះដឹង បច្ចេកវិទ្យា និងបទពិសោធន៍ ដែលនឹងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បង្កើនសមត្ថភាពផលិតកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…