សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមានគម្រោងសាងសង់ផ្លូវ និងកំណាត់ផ្លូវជាច្រើនទៀតជាមួយមិត្តចិន នៅឆ្នាំខាងមុខ ខណៈគម្រោងភាគច្រើនទទួលបានឥណទានសម្បទានពីរដ្ឋាភិបាលចិន។
ការបញ្ជាក់របស់សម្តេចធិបតីបែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។
សម្តេចធិបត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងបន្តដំណើរនៃការកសាង ហើយមិនបញ្ចប់នៅត្រឹមតែសម្ពោធផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម)នេះទេ។ មិញដូចឯកឧត្តម ប៉េង ពោធិ៍នា បានលើក!! គម្រោងឆ្នាំ២០២៦ ២០២៧ យើងធ្វើបន្តថែមទៀត មានកំណាត់ផ្លូវថែមទៀតដែលត្រូវធ្វើ ហើយមួយផ្នែកធំគឺពីឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន»។
បន្ថែមពីនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកំណាត់ផ្លូវជាតិលេខ៧ គឺជានិមិត្តរូបនៃទំនាក់ទំនង និងការបន្តទំនាក់ទំនងកម្ពុជា-ចិន។ ក្នុងន័យនេះ សម្តេចធិបតី បានពន្យល់ថា ដោយសារការបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៧នេះ គឺមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាជាមួយឯកឧត្តម វ៉ាង វិនធាន (Wang Wentian) អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ប៉ុន្តែឥឡូវដល់ពេលសម្ពោធចូលអាណត្តិថ្មី នាយករដ្ឋមន្រ្តីក៏ថ្មី និងឯកអគ្គរដ្ឋទូតក៏ថ្មី ប៉ុន្តែសមិទ្ធផលនៅដដែល។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានបន្តគាំទ្រក្នុងការវិនិយោគកសាងប្រទេស ការវិនិយោគលើវិស័យឯកជនផ្សេងៗ ជាពិសេសការជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបម្រើសេដ្ឋកិច្ច និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕
ដោយ៖ ង៉ែត ពិសាន្ត
















