ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងការងារ និងក្រុមហ៊ុនដាណឺម៉ាក ចុះកិច្ចព្រមពៀងបង្កើតភាពជាដៃគូក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈតាមស្តង់ដាអន្តរជាតិ!

KPS99TV

សេចក្តីសង្ខេប

ក្រសួងការងារនិងក្រុមហ៊ុន Scan Industrial Services (Cambodia) ចុះ MoA ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ស្ដីពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកម្លាំងពលកម្ម។ ភាពជាដៃគូផ្ដោតលើ TVET និងការលើកកម្ពស់ជំនាញវិស្វកម្មលោហៈនិងផ្សារដែកនៅវិទ្យាស្ថាន ITI ឱ្យស្របតាមស្តង់ដាអន្តរជាតិ។

(ភ្នំពេញ)៖ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ថមមី គ្រីសស្ទៀនសិន (Tommy Christensen) ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន SCAN Industrial Services (Cambodia) Co., Ltd. ព្រមទាំងបានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA)ស្តីពីភាពជាដៃគូក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍកម្លាំងពលកម្ម រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន Scan Industrial Services (Cambodia) Co., Ltd (SIS) កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។

ជំនួបដ៏មានសារៈសំខាន់នេះក៏រៀបចំឡើង ដើម្បីឯកភាពគ្នាលើផែនការ និងជំហានបន្ទាប់សម្រាប់ការអនុវត្តអនុស្សរណៈនៃកិច្ចព្រមព្រៀង ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការអភិវឌ្ឍជំនាញ និងការអភិវឌ្ឍកម្លាំងពលកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ជា កុសល បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈនេះ ដែលកើតចេញពីទំនាក់ទំនងល្អ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ពិធីចុះហត្ថលេខានេះ មានអត្ថន័យលើសពីការបង្កើតកិច្ចព្រមព្រៀងជាផ្លូវការរវាងភាគីទាំងពីរទៅទៀត ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យ TVET ការអភិវឌ្ឍជំនាញ និងការត្រៀមកម្លាំងពលកម្មកម្ពុជាតាមស្តង់ដាអន្តរជាតិ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃគ្រឹះស្ថាន TVET ដែលជាមូលដ្ឋានយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការបំប្លែងកម្លាំងពលកម្ម ដោយអនុញ្ញាតឱ្យមានការបណ្ដុះជំនាញឡើងវិញ ការលើកកម្ពស់ជំនាញ ដើម្បីបំពាក់ជំនាញសមស្របនឹងតម្រូវការឧស្សាហកម្មដល់យុវជន ជាពិសេសក្នុងការលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មទំនើប។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារជាសេនាធិការ តែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យ TVET ហើយគម្រោងត្រូវបានចុះហត្ថលេខានាឱកាសនេះ នឹងរួមចំណែកលើកកម្ពស់ឧត្តមភាពរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យឈានដល់កម្រិតថ្មីមួយទៀត។

ក្នុងនាមឯកឧត្តម ហេង សួរ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ និងទន្ទឹងរង់ចាំប្រកបដោយភាពជឿជាក់យ៉ាងមុតមាំនូវវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រកបដោយភាពជោគជ័យ ក្នុងការរួមចំណែកមិនត្រឹមតែអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកលើកកម្ពស់កិត្យានុភាពរបស់វិស័យ TVET ជារួម ស្របតាមស្មារតីនិងយោងតាមផែនការអនុវត្តនៃអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ សម្រាប់ជាឧត្តមប្រយោជន៍សង្គមជាតិនិងយុវជនកម្ពុជាផងដែរ។

ជាការឆ្លើយតប លោក ថមមី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវក្តីរំភើបរីករាយដែលក្រសួង និងក្រុមហ៊ុនបានឈានមកដល់ការចុះហត្ថលេខានេះ ដែលនឹងក្លាយជាក្របខ័ណ្ឌ និងវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការនេះ ភាគីទាំងពីរ នឹងអាចសម្រេចបានលទ្ធផលជាក់ស្តែងប្រកបដោយជោគជ័យក្នុងការសម្រេចគោលដៅដែលគ្រោងទុក ដែលនឹងរួមចំណែកអភិវឌ្ឍវិស័យ TVET នៅកម្ពុជា។

សូមបញ្ជាក់ថា គោលបំណងនៃអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ មានទិសដៅបង្កើតក្របខ័ណ្ឌស្របច្បាប់សម្រាប់លើកកម្ពស់កម្មវិធី TVET និងការអភិវឌ្ឍកម្លាំងពលកម្មនៅកម្ពុជា។ កិច្ចសហការនេះនឹងប្រើប្រាស់ជំនាញរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងកម្មវិធីផ្សារដែក និងគ្រឿងចក្រ ដើម្បីលើកកម្ពស់នាយកដ្ឋានវិស្វកម្មលោហៈ និងផ្សារដែកសន្លឹកនៃវិទ្យាស្ថាន ITI ឱ្យស្របតាមស្តង់ដាអន្តរជាតិ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ឆ្នាំ២០២៣-២០៣៥ ក៏ដូចជាគោលនយោបាយ TVET របស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…