នៅសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (HRC) នៅទីក្រុងហ្សីណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាបានលើកយកការវិវឌ្ឍថ្មីៗលើបញ្ហាសិទ្ធិមនុស្ស តាមបណ្តោយព្រំដែនកម្ពុជា-ថៃមកពិភាក្សា។ នៅក្នុងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី២ និងទី៣ កម្ពុជា បានអំពាវនាវឱ្យមានការវិលត្រឡប់ដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងថ្លៃថ្នូររបស់ជនភៀសខ្លួនផ្ទៃក្នុង។
ទន្ទឹមនឹងនេះ កម្ពុជា ក៏បានអំពាវនាវឱ្យមានកិច្ចការពារពលករចំណាកស្រុកពីការរើសអើង និងអំពើហិង្សា និងការគោរពច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិឱ្យបានពេញលេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ។
ជាមួយគ្នានេះ កម្ពុជា ក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការចូលរួមប្រកបដោយស្ថាបនាជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រួមទាំងការបន្តកិច្ចសហប្រតិបត្តិការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចសហការជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ ជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ ក្នុងនោះស្រ្តីមាន ១០,៦៧៤នាក់ និងកុមារ ៦,០៦៦នាក់ទៀត នៅពុំទាន់អាចវិលទៅលំឋានបានវិញនៅឡើយ ដោយសារមានការរារាំងដោយយោធាថៃដែលចូលកាន់កាប់ និងបំផ្លិចបំផ្លាញភូមិឋាន និងផ្ទះសំបែងរបស់ពួកគេដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន៕
ដោយ៖ ង៉ែត ពិសាន្ត












