អគ្គិភ័យមួយបានឆាបឆេះជាន់ទី៤៣ នៃអគារខុនដូ WEALTH MANSION ដែលស្ថិតនៅទល់មុខវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ បង្កឲ្យមានផ្សែងខ្មៅហុយខ្មួលខ្មាញ់ និងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈក្រុមជាងកំពុងបំពេញការងារដេគ័រនៅទីតាំងនោះ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២:២០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវភ្លោះ ភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតអគ្គិភ័យ គេបានសង្កេតឃើញផ្សែងហុយចេញពីជាន់ទី៤៣ មួយសន្ទុះក្រោយមកក៏ក្លាយជាអណ្តាតភ្លើងឆាបឆេះយ៉ាងខ្លាំង។ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីស្នើសុំអន្តរាគមន៍បន្ទាន់។
ក្រោយទទួលដំណឹង កម្លាំងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅកាន់ទីតាំង ដើម្បីបាញ់ពន្លត់ និងទប់ស្កាត់ការរាលដាលនៃអណ្តាតភ្លើង។ ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ។
តាមការបញ្ជាក់ជាបឋមពីសមត្ថកិច្ច អគ្គិភ័យបានបំផ្លាញសម្ភារៈ និងគ្រឿងដេគ័រដែលរក្សាទុកសម្រាប់ការតុបតែងនៅជាន់ទី៤៣ រងការខូចខាតស្ទើរទាំងស្រុង។ ជាសំណាងល្អ មិនទាន់មានសេចក្តីរាយការណ៍អំពីអ្នករងរបួស ឬបាត់បង់ជីវិតនោះទេ។
ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានអគ្គិភ័យ សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់ឲ្យបានច្បាស់លាស់៕
ដោយ៖ ប៉ៃ សុឃីម















