ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងប្រៃសណីយ៍ព្រមាន៖ សូមប្រុងប្រយ័ត្នឯកសារភ្ជាប់ដែលមាន Extension មួយចំនួន អាចលួចទិន្នន័យ និងដំឡើងមេរោគលើឧបករណ៍

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមានឱ្យប្រុងប្រយ័ត្នឯកសារភ្ជាប់តាម Telegram និងកម្មវិធីផ្ញើសារ ដែលមាន Extension .exe, .bat, .vbs, .ps1, .sh, .msi និង .scr ព្រោះអាចផ្ទុកមេរោគ។ ក្រសួងណែនាំឱ្យពិនិត្យប្រភពនិងប្រភេទឯកសារ និងធ្វើបច្ចុប្បន្នភាពកម្មវិធីការពារមេរោគ។

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានចេញសេចក្តីជូនដំណឹងអំពាវនាវឱ្យសាធារណជន បង្កើនការប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ (Attachment) ដែលទទួលបានតាមរយៈកម្មវិធី Telegram និងកម្មវិធីផ្ញើសារផ្សេងៗ ខណៈដែលក្រុមឧក្រិដ្ឋជនព័ត៌មានវិទ្យា (Cybercriminals) កំពុងប្រើប្រាស់ឯកសារដែលមានផ្នែកខាងចុង (Extension) មួយចំនួន ដើម្បីលួចទិន្នន័យ ឬដំឡើងកម្មវិធីមេរោគ (Malware) លើឧបករណ៍ឌីជីថលរបស់អ្នកប្រើប្រាស់។

ក្រសួងបានណែនាំឱ្យប្រជាពលរដ្ឋ កុំបើក កុំចុច ឬដំណើរការ (Run) ឯកសារដែលមានផ្នែកខាងចុង (Extension) ដូចខាងក្រោម៖

  • .exe
  • .bat
  • .vbs
  • .ps1
  • .sh
  • .msi
  • .scr

ក្រសួងបានបញ្ជាក់ថា ឯកសារប្រភេទទាំងនេះ អាចផ្ទុកកម្មវិធីមេរោគ ឬកម្មវិធីអាក្រក់ (Malware) ដែលអាចលួចព័ត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ គណនីធនាគារ ឬអនុញ្ញាតឱ្យជនមិនស្គាល់មុខគ្រប់គ្រងឧបករណ៍របស់អ្នកពីចម្ងាយ។

ដើម្បីការពារសុវត្ថិភាពឌីជីថល ក្រសួងបានផ្តល់អនុសាសន៍ដល់អ្នកប្រើប្រាស់ឱ្យអនុវត្តវិធានការដូចខាងក្រោម៖

  • បើកតែឯកសារដែលផ្ញើមកពីប្រភពដែលអាចទុកចិត្តបាន។
  • ពិនិត្យផ្នែកខាងចុង (Extension) របស់ឯកសារឱ្យបានច្បាស់ មុនពេលបើក។
  • កុំចុចប៊ូតុង Run      ឬ Install      ប្រសិនបើមិនប្រាកដពីប្រភពឯកសារ។
  • ដំឡើង និងធ្វើបច្ចុប្បន្នភាព (Update)      កម្មវិធីការពារមេរោគ (Antivirus)      ឱ្យបានជាប្រចាំ។

ក្រសួងបានគូសបញ្ជាក់ថា ការប្រុងប្រយ័ត្នរបស់អ្នកប្រើប្រាស់ គឺជាវិធានការសំខាន់ក្នុងការការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ក៏ដូចជាប្រព័ន្ធព័ត៌មានរបស់ស្ថាប័ន និងអង្គភាពពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។

ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)
ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…