ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បង្ក្រាបទីតាំងសង្ស័យ Online Scam នៅប៉ោយប៉ែត! ឃាត់ខ្លួនជនជាតិថៃ ១៤នាក់ ដកហូតទូរស័ព្ទជាង ១២០គ្រឿង និងសាច់ប្រាក់ជាច្រើន

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នគរបាលត្រួតពិនិត្យទីតាំង២នៅប៉ោយប៉ែតថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ ទីតាំងទី១មិនរកឃើញភស្តុតាង Online Scam និងមិនបិទទេ។ ទីតាំងទី២ឃាត់ខ្លួនជនជាតិថៃ១៤នាក់ និងដកហូតទូរស័ព្ទ១២៣គ្រឿង ព្រមទាំងសម្ភារៈនិងសាច់ប្រាក់ ដើម្បីបន្តនីតិវិធី។

កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត និងក្រោមការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងសង្ស័យចំនួន២កន្លែង ក្នុងក្រុងប៉ោយប៉ែត ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ទីតាំងទី១ ជាអគារភ្លោះកម្ពស់ ២៩ជាន់ និង ១៣ជាន់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ។ កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យបន្ទប់សរុប ៣៣៨បន្ទប់ និងរកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន ២០នាក់ (ស្រី ៤នាក់)។ ការត្រួតពិនិត្យមិនបានរកឃើញសម្ភារ ឬភស្តុតាងពាក់ព័ន្ធនឹងបទល្មើស Online Scam ឡើយ ដូច្នេះអាជ្ញាធរបានអនុញ្ញាតឱ្យជនបរទេសបន្តស្នាក់នៅ ហើយមិនបានបិទទីតាំងនេះទេ។
ទីតាំងទី២ ជាអគារកម្ពស់ ១២ជាន់ មានបន្ទប់ចំនួន ១៣២បន្ទប់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ។ កម្លាំងជំនាញបានរកឃើញជនជាតិថៃចំនួន ១៤នាក់ (ស្រី ១នាក់) និងបាននាំខ្លួនទៅសាកសួរ ដើម្បីបន្តនីតិវិធីច្បាប់។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃចំនួន ១២៣គ្រឿង-កុំព្យូទ័រ All-in-One ចំនួន ១គ្រឿង-កុំព្យូទ័រយួរដៃ (Laptop) ចំនួន ១គ្រឿង-iPad ចំនួន ៣គ្រឿង-ប្រាក់ថៃចំនួន ៥៥៩,៩៥០បាត-ប្រាក់ដុល្លារអាមេរិកចំនួន ១៥,៨៥៦ដុល្លារ។
ចំណែកសម្ភារផ្ទាល់ខ្លួនរបស់ជនជាតិថៃ សមត្ថកិច្ចមិនបានដកហូតឡើយ។ ក្រុមការងារក៏បានសម្រេចបិទបន្ទប់ចំនួន ៤បន្ទប់ ដែលត្រូវបានប្រើប្រាស់សម្រាប់ស្នាក់នៅ និងធ្វើការ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីរក្សាទុក និងបន្តនីតិវិធីតាមច្បាប់៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…