ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បាត់ដំបង! ទឹកដីកំណប់ទ្រព្យ វប្បធម៌ និងទេសចរណ៍ដ៏ល្អឯក កំពុងបន្ថែមសក្តានុពលក្នុងរដូវកាលបៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ

KPS99TV

សេចក្តីសង្ខេប

រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ បើកពិព័រណ៍ផ្លែឈើបាត់ដំបងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីភ្ជាប់កសិកម្មនិងទេសចរណ៍ និងជំរុញទេសចរណ៍ក្នុងស្រុកក្នុងរដូវកាលបៃតង។ លោកលើកឡើងពីបាត់ដំបងជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ និងការរៀបចំបេក្ខភាពកំពត។

(បាត់ដំបង)៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ មានគោលបំណងធំៗចំនួន២។

គោលបំណងទាំង២នោះរួមមាន៖ ១).ផ្សារភ្ជាប់រវាងវិស័យ កសិកម្មទៅនឹងវិស័យទេសចរណ៍, និង ២). ជំរុញទេសចរណ៍ក្នុងស្រុកនៅក្នុង រដូវកាលបៃតង ស្របតាមយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦ (ចាប់ពីខែ ឧសភា ដល់ ខែតុលា)។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទីក្រុងបាត់ដំបង នៃខេត្តបាត់ដំបង គឺជាទីក្រុងទី១ នៅក្នុងកម្ពុជា ដែលបានក្លាយជាទីក្រុងច្នៃប្រឌិត ផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដែលនេះពិតជាបានបង្ហាញយ៉ាងច្បាស់ដល់ពិភពលោកថា បណ្តាទីក្រុងនានា នៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានសក្តានុពលដ៏សម្បូរបែប និងភាពប្រកួតប្រជែងនៅក្នុងកម្រិតតំបន់ និង កម្រិតសកល។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ផ្តើមចេញពីគំរូដ៏ល្អរបស់ទីក្រុងបាត់ដំបង, កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ, ក្រសួងទេសចរណ៍ ទើបរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំឯកសារស្នើដាក់បេក្ខភាពខេត្តកំពត ដើម្បីចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ផ្នែកម្ហូបអាហារបន្ថែមទៀត ហើយ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា ទីក្រុង កំពត នឹងក្លាយជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូទី២ បន្ទាប់ ពីទីក្រុងបាត់ដំបង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦, ក្រសួងទេសចរណ៍ ក៏បានរៀបចំសិក្ខាសាលាស្តីពី ការងារការទូតទេសចរណ៍ និងទេសចរណ៍ ម្ហូបអាហារ ដោយផ្សារភ្ជាប់ជាមួយការទូតម្ហូបអាហារ ដែលមានគោលបំណងប្រមូលធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីរៀបចំយុទ្ធសាស្ត្រថ្មី សម្រាប់ជំរុញទេសចរណ៍ម្ហូបអាហារ ដែលក្រសួងចាត់ទុកថាជាឧបករណ៍អំណាចទន់ (Soft Power) ដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជា និង ផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក៕

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…