(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់នៅឆ្នាំ២០៥០ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំនឹងថយ ចុះដល់២១,៨% និងវ័យ១៥-៣៤ឆ្នាំនឹងថយចុះដល់២៨,២% ខណៈដែលប្រជាជនវ័យ៣៥-៦៤នឹងកើន ដល់៣៧,២% និងវ័យ៦៥ឆ្នាំឡើងនឹងកើនដល់១២,៧%។
នេះបើយោងតាម សារលិខិត សម្តេចមធិបតី ក្នុងទិវា«ប្រជាជនពិភពលោកលើកទី៣៧» ១១ កក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទដ៏មាន សារៈសំខាន់គឺ «ការសម្រេចបានក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ប្រជាជនវ័យក្មេង សម្រាប់ពេលបច្ចុប្បន្ននិង អនាគត»។
សម្ដេចធិបតី បានគូសបញ្ជាក់ថា យោងតាមរបាយការណ៍អង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៤ ប្រជាជនកម្ពុជា មានចំនួន១៧,៣លាននាក់ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំ មានចំនួន២៦,៨% វ័យ១៥-៣៤ឆ្នាំ មានចំនួន៣៤,៦% វ័យ៣៥-៦៤ មានចំនួន៣២,១% និងវ័យ៦៥ឆ្នាំឡើង មានចំនួន៦,៥%។
ទិន្នន័យនេះបង្ហាញយ៉ាងច្បាស់ថា បញ្ហាប្រជាជនគឺជាបញ្ហាគន្លឹះដែលពាក់ព័ន្ធផ្ទាល់នឹងគុណភាព ធនធានមនុស្ស កម្លាំងពលកម្ម ទីផ្សារការងារ ការផ្តល់សេវាសាធារណៈ សុខុមាលភាពគ្រួសារ និងសន្តិសុខ សង្គមនាពេលអនាគត។
ដូច្នេះ ការរៀបចំគោលនយោបាយប្រជាជនត្រូវផ្អែកលើទិន្នន័យត្រឹមត្រូវ ទាន់ពេល វេលា និងប្រើប្រាស់បានក្នុងការសម្រេចចិត្ត ដើម្បីធានាថាការអភិវឌ្ឍរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាព និងមិនទុកអ្នកណាម្នាក់ចោល។
សម្ដេចបន្ថែមថា «ទិន្នន័យចំណោលប្រជាជនថ្មីក្នុងសេណារីយ៉ូអត្រាលទ្ធភាពមានកូនថយចុះក្នុងល្បឿនមធ្យម បង្ហាញថា ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល២៤លាននាក់នៅឆ្នាំ២០៥០ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំនឹងថយចុះដល់២១,៨% និងវ័យ១៥-៣៤ឆ្នាំនឹងថយចុះដល់២៨,២% ខណៈដែលប្រជាជនវ័យ៣៥-៦៤នឹងកើនដល់៣៧,២% និងវ័យ៦៥ឆ្នាំឡើងនឹងកើនដល់១២,៧%»។
សម្ដេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ការប្រែប្រួលរចនាសម្ព័ន្ធអាយុនេះ បញ្ជាក់យ៉ាង ច្បាស់ថា ពេលវេលាដើម្បីវិនិយោគលើប្រជាជនវ័យក្មេងគឺឥឡូវនេះ។ ប្រសិនបើខកខានមិនបានផ្តល់ ឱកាសនិងការគាំទ្រដល់ប្រជាជនវ័យក្មេងនាពេលបច្ចុប្បន្ន កម្ពុជានឹងប្រឈមនឹងបញ្ហានានានៅពេលខាងមុខ ដូចជាការមិនទទួលបាននូវភាគលាភប្រជាសាស្ត្រទីពីរ កង្វះកម្លាំងពលកម្មជំនាញ និងការកើនឡើងនៃបន្ទុក សេដ្ឋកិច្ចនិងសង្គមដោយសារកំណើនប្រជាជនវ័យចាស់។
ជាមួយគ្នានេះ សម្ដេច គូសរំលេចថា ការកើនឡើងនៃប្រជាជនវ័យចាស់ជាបញ្ហាមិនអាចចៀសផុតទៅថ្ងៃមុខ ក៏ប៉ុន្តែយើងត្រូវបុរេសកម្មក្នុង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គមទុកជាមុនសម្រាប់ប្រជាជនវ័យចាស់ ដើម្បីប្រែក្លាយភាពជាបន្ទុកនៃប្រជាជន វ័យចាស់ទៅជាភាគលាភប្រជាសាស្ត្រទីពីរ និងកាលានុវត្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ប្រាក់។
លើសពីនេះទៀត សម្ដេចធិបតី បន្ថែមថា នៅពេលដែលប្រជាជនវ័យក្មេងបច្ចុប្បន្នទទួលបានឱកាសការងារនិងប្រាក់ចំណូលសមរម្យ ពួកគេមិនត្រឹមតែអាចលើក កម្ពស់សេដ្ឋកិច្ចគ្រួសារនៅពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពសន្សំ និងកសាងសុវត្ថិភាព ហិរញ្ញវត្ថុ សម្រាប់ធានាដល់ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានលទ្ធភាពគាំទ្រកូនចៅជំនាន់ក្រោយ និង វិនិយោគបន្ត នៅពេលដែលពួកគាត់ឈានចូលវ័យចាស់៕
ដោយ៖ ធី លីថូ










