ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរស្រុកកំពង់សីលា ចុះពិនិត្យស្ពាន ២កន្លែង ដែលរងហានិភ័យដោយសារជំនន់ទឹកភ្លៀង ខណៈស្ថានភាពទឹកបានស្រកវិញ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរនិងក្រុមការងារបានពិនិត្យស្ពាននៅភូមិស្ទឹងច្រាល និងភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ដើម្បីវាយតម្លៃហានិភ័យជំនន់និងសុវត្ថិភាព។ អាជ្ញាធរថាទឹកបានស្រក និងចរាចរណ៍អាចដំណើរការធម្មតា ប៉ុន្តែបន្តតាមដាននិងអំពាវនាវឱ្យប្រុងប្រយ័ត្ន។

ស្រុកកំពង់សីលា៖ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា បានអមដំណើរ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់សីលា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦  ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពស្ពានចំនួន ២ទីតាំង ដែលកំពុងប្រឈមហានិភ័យពីជំនន់ទឹកភ្លៀង ដើម្បីវាយតម្លៃសុវត្ថិភាព និងត្រៀមវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា។

ស្ពានដែលបានចុះពិនិត្យរួមមាន៖

•  ស្ពានភូមិស្ទឹងច្រាល (ផ្លូវចូលទៅចន្ទក្រហម)

•  ស្ពានភូមិព្រៃប្រសិទ្ធ (ផ្លូវចូលរមណីយដ្ឋានថ្មរូង)

ស្ពានទាំងពីរនេះ ស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលជាតំបន់រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។

ក្នុងឱកាសចុះពិនិត្យនេះ ក្រុមការងារបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរចនាសម្ព័ន្ធស្ពាន កម្រិតទឹក និងផលប៉ះពាល់ជាក់ស្តែង ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងរៀបចំផែនការជួសជុល ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ប្រសិនបើមានការចាំបាច់។

ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ននៅពេលធ្វើដំណើរឆ្លងកាត់តំបន់ងាយរងគ្រោះ ដោយត្រូវតាមដានព័ត៌មាន និងសេចក្តីជូនដំណឹងពីអាជ្ញាធរជាប្រចាំ ។

បើតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន គិតមកទល់ពេលនេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងតំបន់បានស្រកចុះវិញហើយ ហើយការធ្វើចរាចរណ៍អាចប្រព្រឹត្តទៅបានជាធម្មតា ប៉ុន្តែអាជ្ញាធរនឹងបន្តតាមដានស្ថានភាពអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងជិតស្និទ្ធ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…