ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានព្រមានដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចអូសទាញរបស់ក្រុមឧក្រិដ្ឋជនបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងប្រើប្រាស់ការផ្សព្វផ្សាយការងារ ជាមួយនឹងការសន្យាផ្តល់ប្រាក់ខែចន្លោះពី ៣០០ ដល់ ៦០០ ដុល្លារអាមេរិក ដើម្បីទាក់ទាញអ្នកចូលរួម។
តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនទាំងនេះ កំពុងព្យាយាមអូសទាញប្រជាពលរដ្ឋខ្មែរ ឱ្យចូលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ក្រោមរូបភាពការផ្តល់ការងារដែលមានប្រាក់ឈ្នួលខ្ពស់។
ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងកុំចាញ់បោកការផ្សព្វផ្សាយ ឬការសន្យាដែលមើលទៅគួរឱ្យទាក់ទាញ ព្រោះការចូលរួមក្នុងសកម្មភាពទាំងនេះ អាចនាំឱ្យប្រឈមមុខនឹងទោសទណ្ឌតាមច្បាប់ និងបង្កផលប៉ះពាល់ដល់ខ្លួនឯង និងក្រុមគ្រួសារ។
ជាមួយគ្នានេះ ឯកឧត្តម ឌី វិជ្ជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រសិនបើទទួលបានព័ត៌មាន ឬប្រទះឃើញសកម្មភាពពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនអនឡាញទាំងនេះ សូមរាយការណ៍ជាបន្ទាន់ទៅកាន់សមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងមិនត្រូវចូលរួម ឬពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ជាដាច់ខាត៕
ដោយ៖ KPS99TV








