រថយន្តកុងតឺន័រជាច្រើនគ្រឿងរបស់ផែស្ងួតមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្បែរវត្តអរុណវតី ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយសាររថយន្តទាំងនោះឈប់ចតតម្រៀបគ្នាលើដងផ្លូវ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍ស្ទើរតែរៀងរាល់ថ្ងៃ។
លោក ចែន សុខចាន់ ប្រធានប្រជាការពារសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ទីតាំងនេះតែងជួបបញ្ហាកកស្ទះចរាចរណ៍ជាប្រចាំ ដោយកម្លាំងប្រជាការពារភូមិ-សង្កាត់ និងសមត្ថកិច្ច ត្រូវចុះទៅសម្រួលចរាចរណ៍ជាញឹកញាប់។ លោកបន្ថែមថា រថយន្តកុងតឺន័រមួយចំនួនថែមទាំងឈប់ចតពីរជួរទៀតផង ដែលធ្វើឱ្យស្ថានភាពកាន់តែលំបាក។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកបានចុះទៅជួបមេការទទួលខុសត្រូវនៅផែស្ងួត ដើម្បីស្នើឱ្យសហការដោះស្រាយ។ ទោះជាយ៉ាងណា តាមការលើកឡើងរបស់លោក មេការផែបានឆ្លើយថា លោកទទួលខុសត្រូវតែការងារនៅក្នុងបរិវេណផែប៉ុណ្ណោះ ចំណែករថយន្តដែលឈប់ចតនៅខាងក្រៅ មិនស្ថិតក្នុងការទទួលខុសត្រូវរបស់លោកឡើយ។
ជុំវិញករណីនេះ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានបញ្ជាក់ថា នឹងចាត់ឱ្យមេភូមិរៀបចំលិខិតអញ្ជើញមេការ ឬអ្នកទទួលខុសត្រូវរបស់ផែស្ងួត មកជួបពិភាក្សា និងធ្វើកិច្ចសន្យាបញ្ឈប់ការអនុញ្ញាតឱ្យមានការចតរថយន្តលើដងផ្លូវ ដែលបង្កការកកស្ទះ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕
ដោយ៖ ប៉ៃ សុឃីម













