រដ្ឋបាលខេត្តព្រះសីហនុកំពុងពន្លឿនការដោះស្រាយបញ្ហាកកស្ទះសេវាចុះបញ្ជីដីធ្លីនៅតាមរដ្ឋបាលក្រុងស្រុកទាំង៦។ ក្នុងនោះមានសេវាស្នើសុំចុះបញ្ជីដីបំពេញបន្ថែមចំនួន ៧៥១ករណីកំពុងកកស្ទះនៅតាមរដ្ឋបាលក្រុងស្រុក និងនៅសាខាពន្ធដាខេត្តមានចំនួន ៤១៩សេវា និងនៅមន្ទីរសុរិយោដីជាង៤៤០ករណី គិតចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៥។ ការកកស្ទះសេវាចុះបញ្ជីដីធ្លីនេះ ដោយសារតែពាក់ព័ន្ធនឹងដីរដ្ឋ ដីអូរប្រឡាយ និងមានពាក្យបណ្តឹង។
របាយការណ៍ពាក់ព័ន្ធការកកស្ទះសេវាចុះបញ្ជីដីធ្លីនេះ ត្រូវបានបង្ហាញដោយកញ្ញា ឈួ ប៉ាវទាង ប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លីនៅភូមិសាស្រ្តខេត្តព្រះសីហនុ ក្រោមគណៈអធិបតីភាពឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
កញ្ញា ឈួ ប៉ាវទាង បានឱ្យដឹងទៀតថា បច្ចុប្បន្ន រដ្ឋបាលក្រុងស្រុកបានខិតខំជំរុញដោះស្រាយបញ្ហាកកស្ទះសេវាចុះបញ្ជីដីធ្លីនៅសល់ត្រឹមតែ ៣៨៧ករណីប៉ុណ្ណោះ។ ដោយឡែក សម្រាប់ឆ្នាំ២០២៦ ប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយនៅតាមបណ្តាក្រុងស្រុកសរុបទាំងអស់មាន ២៤៥ករណី ក្នុងនោះរដ្ឋបាលក្រុងស្រុកកំពុងបន្តនីតិវីធីចំនួន ២០៨ករណី។
ចំណែក លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានលើកឡើងថា ចាប់តាំងពីការអនុវត្តការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធពីឆ្នាំ២០១៩រហូតមកទល់នឹងពេលនេះ ប្រជាពលរដ្ឋដែលមិនទាន់មកដកឯកសារយកទៅបង់ពន្ធចំនួន ១០៧៦ប័ណ្ណ។ មូលហេតុដោយសារតែម្ចាស់ដីមិនសហការមកទទួលយកឯកសារ ខណៈការផ្សព្វផ្សាយបានធ្វើឡើងជាបន្តបន្ទាប់។ ដោយឡែក ប្រជាពលរដ្ឋបានដកឯកសារយកទៅបង់ពន្ធរួចមានចំនួន ៦៨៨១ប័ណ្ណ។ ប៉ុន្តែ ៦៨៨១ប័ណ្ណនេះ មិនដឹងថា ពួកគាត់យកទៅបង់ពន្ធនៅសាខាពន្ធដារខេត្តព្រះសីហនុបានចំនួនប៉ុន្មាន ហើយយកទៅបង់ពន្ធនៅអគ្គនាយដ្ឋានពន្ធដារាជធានីភ្នំពេញចំនួនប៉ុន្មាននោះទេ។ ចំពោះមូលហេតុដោយសារតែពួកគេមកដកយកឯកសារដោយខ្លួនឯង៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ចាន់ដា

















