ខេត្តព្រះសីហនុ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានប្រាប់ទូរទស្សន៍ KPS99 ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននិងកំពុងអនុវត្តការងារថែទាំផ្លូវជាប្រចាំ ដើម្បីធានាសុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ ៦ថ្ងៃកន្លងមកនេះ ខេត្តព្រះសីហនុបានទទួលរងភ្លៀងធ្លាក់ខ្លាំង និងបន្តជាប់ៗគ្នា បណ្តាលឱ្យដីជោកជាំ ខណៈចរាចរណ៍រថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ក៏មានការកើនឡើងយ៉ាងច្រើន។ កត្តាទាំងនេះបានធ្វើឱ្យកំណាត់ផ្លូវជាតិចន្លោះវាលរេញ ទៅត្រពាំងល្ពៅ ជាប់ព្រំប្រទល់ខេត្តកំពត រងការខូចខាត ដោយមានសំបុកមាន់ និងផ្ទៃផ្លូវមិនស្មើ ដែលបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក ម៉ឹង យូឡេង បានបន្ថែមថា មន្ត្រីជំនាញរបស់មន្ទីរ កំពុងតាមដានស្ថានភាពផ្លូវយ៉ាងយកចិត្តទុកដាក់ ហើយនៅពេលអាកាសធាតុអំណោយផល និងភ្លៀងរាំង ក្រុមការងារនឹងចុះអនុវត្តការងារជួសជុលជាបន្ទាន់ ដើម្បីស្តារស្ថានភាពផ្លូវឱ្យអាចប្រើប្រាស់បានប្រសើឡើងវិញ និងកាត់បន្ថយការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ។
ជាមួយគ្នានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យបើកបរដោយប្រុងប្រយ័ត្ន កាត់បន្ថយល្បឿននៅតំបន់ផ្លូវខូច និងគោរពច្បាប់ចរាចរណ៍ ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលដែលក្រុមការងារកំពុងត្រៀមចុះជួសជុលផ្លូវ៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា















