ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរខណ្ឌឫស្សីកែវទុកពេល៥ថ្ងៃឱ្យម្ចាស់សំណង់សង់រំលោភដីក្នុងប្លុកត្រីកោណនៃតំបន់អភិវឌ្ឍន៍ឫស្សីកែវរុះរើចេញជាបន្ទាន់

KPS99TV

សេចក្តីសង្ខេប

រដ្ឋបាលខណ្ឌឫស្សីកែវទុកពេល៥ថ្ងៃគិតពីថ្ងៃជូនដំណឹង ឱ្យភាគី៣នាក់រុះរើសំណង់និងសម្ភារៈពីប្លុកត្រីកោណនៃតំបន់អភិវឌ្ឍន៍។ រដ្ឋបាលបានយោងសេចក្ដីសម្រេចបែងចែកដីនិងសាលដីកាស្ថាពរ ហើយព្រមានចាត់វិធានការរដ្ឋបាលបើមិនអនុវត្តតាម។

ដើម្បីឈានទៅបញ្ចប់ទំនាស់ទាំងស្រុងក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ រដ្ឋបាលឫស្សីកែវ តម្រូវឱ្យលោក ព្រំ បូរ លោកស្រី ព្រំ អូន និងលោកស្រី តាំង ហៃថាំង ត្រូវរុះរើសំណង់ឃ្លាំង របងថ្ម និងសម្ភារៈផ្សេងៗដែលសង់រំលោភលើដីស្ថិតក្នុងប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដោយទុករយៈពេល ៥ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបែងចែក និងប្រគល់ដីជូនប្រជាពលរដ្ឋវិញដែលមានសេចក្តីសម្រេចស្របតាមច្បាប់។

រដ្ឋបាលឫស្សីកែវ បានព្រមានថា ប្រសិនបើបុគ្គលទាំង៣នាក់ខាងលើ មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាលចុះរុះរើដោយពុំទទួលខុសត្រូវលើការខូចខាត ឬបាត់បងផលប្រយោជន៍អ្វីឡើយ។ នេះបើតាមការបញ្ជាក់នៅក្នុងលិខិតរបស់រដ្ឋបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១៤ ខែកក្កដា។

ក្នុងលិខិតនេះ បានបញ្ជាក់ថា ទីតាំងដីស្ថិតនៅប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ផ្លូវលេខ៥៩៨ ក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គឺបុគ្គល៣នាក់ខាងលើ គ្រប់គ្រងដោយខុសច្បាប់ជាន់លើដីប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមាន សេចក្តីសម្រេច និងដីឡូត៍បម្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ពោលគឺមិនមែនជាដីកម្មសិទ្ធិរបស់ខ្លួនឡើយ។

ចំណែក រដ្ឋបាលខណ្ឌ ក៏បានបញ្ជាក់ថា ឯកសារផ្លូវការបានបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានចេញសេចក្តីសម្រេចលេខ ០០៧/១៦ សសរ.អជដ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ (ជំហានទី៣) ប្រគល់ដីឡូតិ៍ចំនួន៤ រួមមាន ឡូតិ៍លេខ៩ លេខ១១ និងលេខ១៣ តាមផ្លូវលេខ៥៩៨ ព្រមទាំងឡូតិ៍លេខ១០ តាមផ្លូវលេខ១៧២១ ជូនក្រុមគ្រួសារលោក-លោកស្រី រួចរាល់ហើយ។

មិនត្រឹមតែប៉ុណ្ណោះ តុលាការកំពូល ក៏បានចេញសាលដីកាលេខ ៣១២(ផ) ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បញ្ជាក់ពីការបែងចែកដីខាងលើជូនភាគីពាក់ព័ន្ធ ដោយបង្គាប់ឱ្យឈ្មោះ ព្រំ បូ ប្រគល់ដីទំហំ ២០ម៉ែត្រ គុណ ៦០ម៉ែត្រ ស្មើនឹង២ឡូតិ៍ ជូនឈ្មោះ ព្រំ អូន ដែលជាឡូតិ៍លេខ១៣ ផ្លូវលេខ៥៩៨ និងឡូតិ៍លេខ១០ ផ្លូវលេខ១៧២១។ ការអនុវត្តសាលដីកាស្ថាពរ ក៏ត្រូវបានអាជ្ញាសាលាចុះអនុវត្តរួចរាល់ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ផងដែរ។

បន្ថែមពីនេះ រដ្ឋបាលខណ្ឌឫស្សីកែវ ក៏ធ្លាប់បានចេញសេចក្តីជូនដំណឹងចំនួន៣លើករួចមកហើយ ដោយតម្រូវឱ្យរុះរើសំណង់ឃ្លាំង របងថ្ម និងរើយកសម្ភារៈផ្សេងៗចេញពីទីតាំងដីខាងលើ ប៉ុន្តែរហូតមកដល់ពេលនេះ ភាគីពាក់ព័ន្ធនៅតែមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។

ដូច្នេះ រដ្ឋបាលខណ្ឌ បានកំណត់ឱសានវាទរយៈពេល៥ថ្ងៃ ឱ្យភាគីពាក់ព័ន្ធរុះរើសំណង់ឃ្លាំង របងថ្ម និងសម្ភារៈផ្សេងៗចេញដោយខ្លួនឯង។ បន្ទាប់ពីការរុះរើនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តបែងចែក និងប្រគល់ដីជូនប្រជាពលរដ្ឋដែលមានសេចក្តីសម្រេចស្របច្បាប់ ព្រមទាំងរក្សាដីឡូតិ៍បម្រុងសម្រាប់បន្តដោះស្រាយសំណុំរឿងទំនាស់ដែលនៅសេសសល់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…