ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បង្គួយបន្លាភ្នំឬបង្គួយស្នែងត្រូវបានអ្នកដើរព្រៃប្រទះឃើញក្នុងតំបន់ការពារធម្មជាតិ

KPS99TV

សេចក្តីសង្ខេប

តាមក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សនិងអ្នកដើរព្រៃបានប្រទះឃើញបង្គួយបន្លាភ្នំ ឬបង្គួយស្នែង នៅភ្នំទំព័រ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់។ តំបន់នេះមានកម្ពស់១៥៥១ម៉ែត្រ ហើយសេចក្ដីរាយការណ៍ហៅសត្វនេះថា Acanthosaura ឬ Mountain Horned Dragon។

មើលភ្លាមហាក់ដូចជាកូនដាយណូស័រសម័យដើម។ ប៉ុន្តែវាមិនមែននោះទេ ហើយក៏មិនមែនជាសត្វចម្លែកនោះដែរ។ នេះគឺជាសត្វបង្គួយបន្លាភ្នំ ឬបង្គួយស្នែង ដែលត្រូវបានមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងក្រុមអ្នកទេសចរណ៍ដើរព្រៃ បានប្រទះឃើញ កាលពីពេលថ្មីៗកន្លងមកនេះ នៅក្នុងតំបន់សក្តានុពលលម្ហែបៃតងលើភ្នំទំព័រ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានរយៈកម្ពស់ ១ ៥៥១ ម ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន។

ក្រុមអ្នកដើរព្រៃ បានឱ្យដឹងថា ពួកគាត់បានជួបប្រទះសត្វបង្គួយចម្លែក ដែលមិនសូវមានឃើញប្រភេទសត្វនេះពីជីវៈចម្រុះដទៃ ពុំធ្លាប់ឃើញមាននៅតាមតំបន់ការពារផ្សេងទៀតនៅកម្ពុជា។ បង្គួយបន្លាភ្នំ ឬ បង្គួយស្នែង ត្រូវបានគេស្គាល់ មានឈ្មោះវិទ្យាសាស្ត្រ៖ Acanthosaura ដែលគេច្រើនស្គាល់ថា Mountain Horned Dragon។

លក្ខណៈសម្គាល់ពិសេសរបស់វាមានដូចជា៖ ស្នែង និងបន្លាស្រួចៗដុះនៅពីលើក្បាល (មើលទៅដូចស្នែង) និងមានជួរបន្លាវែងៗដុះតាមបណ្តោយខ្នង។ ខ្លួនវាមានពណ៌ត្នោត ឬពណ៌ដី ដែលជួយឱ្យវាអាចបន្លំខ្លួនបានយ៉ាងល្អជាមួយមែកឈើ ឈើស្ងួត និងមជ្ឈដ្ឋានជុំវិញក្នុងព្រៃបាន។ ពួកវាចូលចិត្តរស់នៅក្នុងព្រៃក្រាស់ៗ តំបន់ភ្នំ ឬកន្លែងដែលមានសំណើមខ្ពស់ និងត្រជាក់។ សត្វប្រភេទនេះមិនមានពិស ឬបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយវាស៊ីសត្វល្អិតតូចៗជាអាហារ។

សូមបញ្ជាក់ថា តំបន់ការពារធម្មជាតិនៅកម្ពុជា គឺជាមរតកធម្មជាតិដ៏មានតម្លៃ និងជាជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទ ។ តំបន់ការពារធម្មជាតិ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤១% នៃផ្ទៃដីប្រទេស៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…