(ព្រះសីហនុ)៖ នាព្រឹកថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ក្រោមអធិបតីភាព ឯកឧត្តម នាយកឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក សួស សេរីសួស្ដី អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីរាជការ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម មាស វិរិទ្ធ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តព្រះសីហនុ ដែលបានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រកបដោយរបៀបរៀបរយសុត្ថិភាព និងមានសេចក្ដីថ្លៃថ្លូរ។
ជាមួយគ្នានេះ ឯកឧត្តម នាយកឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា«ការបង្រ្កាបបទល្មើសគ្រឿងញៀននៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៥ មានចំនួន១៩០សំណុំរឿង ក្នុងនោះសំណុំរឿងធំៗដែលបានសម្រេចហើយមានចំនួន១៦៥សំណុំរឿង ដែលពាក់ព័ន្ធជាមួយសាធារធាតុញៀនគ្រប់ប្រភេទ និងសាធារធាតុគីមីផ្សំ សរុបជាង២តោន (២ពាន់ ៣២៣គីឡូក្រាម) ក្នុងនោះសារធាតុញៀនជាង១តោន និងសារធាតុគីមីផ្សំជាង១តោន»។
ស្របពេលជាមួយគ្នានេះ ឯកឧត្តម នាយកឧត្តមសេនីយ៍ បានបន្ថែមថា ក្នុងឆ្នាំ២០២៥ បទល្មើសគ្រឿងញៀននៅក្នុងខេត្តព្រះសីហនុ មានការថយចុះច្រើនគួរឱ្យកត់សម្គាល់។
បន្ថែមពីនេះ ឯកឧត្តម អគ្គលេខាធិការ បានសង្កត់ធ្ងន់ថា ការដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបាននាពេលនេះ មិនមែនគ្រាន់តែជានីតិវិធីក្នុងការអនុវត្តច្បាប់បន្ទាប់ពីសាលក្រមចូលជាស្ថាពរប៉ុណ្ណោះទេ ប៉ុន្តែជាសារនយោបាយ និងសារសង្គមដ៏មានឥទ្ធិពលផងដែរ៕
ដោយ៖ ធី លីថូ
















