ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ម៉ៅ ថូរ៉ា ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការវិនិយោគ និងពន្លឿនវឌ្ឍនភាពការងារតាមអង្គភាព

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោក ម៉ៅ ថូរ៉ា បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដោយផ្ទាល់និងអនឡាញ។ កិច្ចប្រជុំពិនិត្យបេសកកម្មជំរុញវិនិយោគនៅជប៉ុននិងកូរ៉េ ការងារការពារអ្នកប្រើប្រាស់និងប្រកួតប្រជែង របាយការណ៍អនុព័ន្ធសេដ្ឋកិច្ចប្រចាំអាស៊ាន និងអង្គភាពខេត្តក្រចេះ។

នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់អង្គភាព ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Online)។

កិច្ចប្រជុំដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ព្រមទាំងមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង (ក.ប.ប.) រាជធានី-ខេត្ត។

គោលបំណងនៃកិច្ចប្រជុំ រួមមាន៖

• ពិនិត្យលទ្ធផលបេសកកម្មទាក់ទាញ និងជំរុញការវិនិយោគនៅប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ។

• តាមដានវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង និងនាយកដ្ឋានកិច្ចការប្រកួតប្រជែង។

• ស្តាប់របាយការណ៍ការងាររបស់អនុព័ន្ធទទួលបន្ទុកការងារសេដ្ឋកិច្ច អមតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអគ្គលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាការតា។

• ពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តក្រចេះ។

• ស្តាប់មតិយោបល់ និងសំណើពីថ្នាក់ដឹកនាំអង្គភាពនានា ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជំរុញការអនុវត្តផែនការរបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំប្រចាំសប្តាហ៍នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្នុងការតាមដានវឌ្ឍនភាពការងារ ពង្រឹងកិច្ចសម្របសម្រួលរវាងអង្គភាព និងជំរុញការអនុវត្តគោលនយោបាយពាណិជ្ជកម្ម សំដៅលើការលើកកម្ពស់បរិយាកាសវិនិយោគ និងការអភិវឌ្ឍវិស័យពាណិជ្ជកម្មរបស់កម្ពុជាឱ្យកាន់តែរីកចម្រើន៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…