(ភ្នំពេញ)៖ គិតត្រឹមខែ មិថុនា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់ការអនុវត្ត គម្រោង/កម្មវិធី មានចំនួន ២៥ គិតជា ទឹកប្រាក់សរុបប្រមាណ ៣ ៥១៥ លានដុល្លារ ក្នុងនោះគម្រោងកំពុងដំណើរការ មានចំនួន ១២ និងគម្រោងត្រូវបានបញ្ចប់មាន ចំនួន១៣។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម UENO Atsushi ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងរួមចំណែកយ៉ាងធំធេងដល់ការកសាងឡើងវិញនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា រួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច និង សង្គមកម្ពុជារហូតដល់បច្ចុប្បន្ន។ ជប៉ុនបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ដោយផ្តោតអាទិភាព ក្នុងការផ្តល់ឥណទានសម្បទាន ស្របតាមយុទ្ធសាស្រ្ត, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍អាទិភាពនានា។
ជាក់ស្តែងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលជាភ្នាក់ងារអនុវត្ត, គិតដល់ត្រឹម ខែ មិថុនា ឆ្នាំ២០២៦នេះ, មានកិច្ចព្រមព្រៀងឥណទានសម្បទានពីជប៉ុនចំនួន ៣៩ ក្នុងនោះការផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួន ២៥ មានទឹកប្រាក់សរុបជាង ៤២២ ប៊ីលានយ៉េនជប៉ុន ត្រូវជាប្រមាណ ៣ ៥១៥ លានដុល្លារអាម៉េរិក ដោយគម្រោងកំពុងដំណើរ ការមានចំនួន១២ និងគម្រោងត្រូវបានបញ្ចប់មានចំនួន១៣៕
ដោយ៖ ធី លីថូ











