កាលពីម្សិលមិញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារជួសជុល និងស្តារឡើងវិញប្រឡាយ៦១ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ នៅសាលប្រជុំសាលាស្រុកកណ្តាលស្ទឹង។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់, មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងអាជ្ញាធរដែនដី មេឃុំ និងមេភូមិដែលពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការស្តារឡើងវិញប្រឡាយ៦១ គឺសំដៅឆ្លើយតបដ៏ចាំបាច់ទៅនឹងតម្រូវការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងពីរ និងតំបន់ពាក់ព័ន្ធជុំវិញ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ប្រព័ន្ធប្រឡាយនេះមិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹក ការស្ទាក់ទឹក និងការរក្សាទុកទឹកសម្រាប់ប្រើប្រាស់ជាលក្ខណៈពហុបំណងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបញ្ចៀសការជន់លិចពីរាជធានីភ្នំពេញ និងខេត្តទាំងពីរនៅក្នុងរដូវវស្សាទៀតផង៕
ប្រភព៖ ក្រសួងធនធានទឹក
ដោយ៖ ធី លីថូ









