ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលខេត្តព្រះសីហនុចូលរួមប្រជុំប្រចាំខែដើម្បីតាមដានការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ

KPS99TVថតរូប:ទាវ វិឆាត

សេចក្តីសង្ខេប

នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានដឹកនាំមន្ត្រីចូលរួមកិច្ចប្រជុំតាម Zoom ស្ដីពីការបង្ក្រាបឆបោកអនឡាញ ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីមហាផ្ទៃ ស សុខា។ កិច្ចប្រជុំបានពិនិត្យស្ថិតិខែមិថុនានិង២សប្ដាហ៍ដើមខែកក្កដា និងជំរុញការអនុវត្តច្បាប់បន្ត។

រដ្ឋបាលខេត្តព្រះសីហនុ តាមរយៈឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តបានដឹកនាំមន្រ្តីជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមប្រព័ន្ធអនឡាញ (Zoom) នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីខេត្តផ្សេងទៀត។

បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ូ សុផាន ប្រធានសេនាធិការដ្ឋាននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា ក្នុងខែមិថុនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានធ្វើរដ្ឋបាលចំហរដោយត្រួតពិនិត្យនៅតាមគោលដៅនានាបានចំនួន ៤៥២៩ទីតាំងនៅទូទាំងប្រទេស ដែលមានមនុស្សចំនួន ២៧ ៩៨៣នាក់។ ដោយឡែក ក្នុងរយៈពេល២សប្តាហ៍ដើមខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យនៅតាមគោលដៅចំនួន ១៤៣៤ទីតាំងនៅរាជធានីខេត្ត លើកលែងតែខេត្តកំពង់ស្ពឺ តាកែវ រតនគិរី និងខេត្តប៉ៃលិន ដែលមានមនុស្សចំនួន ៥៥០០នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ូ សុផាន បានលើកឡើងបន្ថែមថា ក្នុងរយៈពេលពេញ១ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន ១២៧ទីតាំង។ ១២៧ទីតាំងនេះ មាននៅខេត្តព្រះសីហនុចំនួន ៣៤ទីតាំង បន្ទាយមានជ័យ ២៩ទីតាំង ស្វាយរៀង ២២ទីតាំង រាជធានីភ្នំពេញ ១៧ទីតាំង កោះកុង ៦ទីតាំង កណ្តាល ៥ទីតាំង សៀមរាប ៤ទីតាំង ក្រចេះ ៣ទីតាំង មណ្ឌលគិរី ២ទីតាំង កំពង់ស្ពឺ ២ទីតាំង កំពង់ចាម ១ទីតាំង កំពត ១ទីតាំង និងកែប ១ទីតាំង ដែលបានឃាត់ខ្លួនមនុស្សចំនួន ១៩០០នាក់ មាន១៩សញ្ជាតិ និងបានរៀបចំនីតិវិធីបណ្តេញចេញមានចំនួន ១៣៣នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ១៩០នាក់ ធ្វើកិច្ចសន្យាឱ្យបញ្ឈប់ចំនួនម្នាក់(ខ្មែរ) និងកំពុងបន្តនីតិវីធីសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីខេត្តចំនួន ១៥៧៦នាក់ ។

ចំណែក រយៈពេល ២សប្តាហ៍ដើមខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ក្រាប ៤០លើកបន្ថែមទៀតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល បន្ទាយមានជ័យ ព្រះសីហនុ កោះកុង កំពង់ស្ពឺ ស្វាយរៀង និងខេត្តកំពង់ចាម ដោយឃាត់ខ្លួនបានមនុស្សចំនួន ៦៣៦នាក់ មាន២១សញ្ជាតិ និងបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៩នាក់ មាន៣សញ្ជាតិ ហើយកំពុងសាកសួរចំនួន៦២៧នាក់ មាន ១៧សញ្ជាតិ។

ជុំវិញនឹងបញ្ហានេះ ឯកឧត្តម ស សុខា បានកត់សម្គាល់ឃើញថា ថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសធំៗ និងដៃគូអន្តរជាតិបានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងសមត្ថកិច្ចកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែង និងវិធានការម៉ឺងម៉ាត់ក្នុងការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាឆ្លងដែន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើនិងលើកទឹកចិត្តឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិបន្តយកចិត្តទុកដាក់ក្នុងឆ្លើយតបជាមួយអ្នកសារព័ត៌មានអន្តរជាតិ និងខិតខំបន្តការងារបង្ក្រាបកុំសំចៃដៃទៅលើឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខណៈឧក្រិដ្ឋជនបានបំបែកគ្នាជាក្រុមតូចៗដែលនាំឱ្យការបង្ក្រាបមានលក្ខណៈស្មុគស្មាញខ្លាំងជាងមុន។ យ៉ាងណា ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ខេត្តមួយចំនួនបានធ្វើការងារល្អពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យលេខ០៣ និងខេត្តខ្លះទៀតនៅពុំទាន់អនុវត្តបានពេញលេញនៅឡើយទេដែលទាមទារឱ្យមានការអនុវត្តអនុក្រឹត្យលេខ០៣នេះ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…