ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គម្រោងវិនិយោគចំនួន៤ត្រូវបានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុអនុម័តឱ្យនាំចូលគ្រឿងបរិក្ខាដោយពន្ធជាបន្ទុករបស់រដ្ឋ

KPS99TVថតរូប:ទាវ វិឆាត

សេចក្តីសង្ខេប

អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុបានអនុម័តសំណើគម្រោង៤ ឱ្យនាំចូលបរិក្ខារ សម្ភារៈ និងវត្ថុធាតុដើម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករដ្ឋ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ គម្រោងពាក់ព័ន្ធឧបករណ៍ជាង កែច្នៃលោហៈនិងប្លាស្ទិក បោះពុម្ព និងផលិតផលឈើ។

សំណើរបស់គម្រោងវិនិយោគចំនួន៤ ដែលស្នើសុំនាំចូលគ្រឿងបរិក្ខា សម្ភារៈ និងវត្ថុធាតុដើមដោយពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ត្រូវបានអនុម័តដោយអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ ការអនុម័តលើសំណើនេះ ធ្វើឡើងដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានអនុគណៈគម្មាធិការវិនិយោគខេត្តព្រះសីហនុ រួមទាំងមានការចូលរួមពីមន្រ្តីនៃមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យ និងជានាយកទីចាត់ការផែនការវិនិយោគខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងវិនិយោគទាំង៤នេះ មានទី១. រោងចក្រផលិតឧបករណ៍ជាងគ្រប់ប្រភេទរបស់ក្រុមហ៊ុន ហ្គោលដិនលីងប្រូ (ខេមបូឌា) ហាដវែរ មេនូហ្វេកធីរីង ឯ.ក មានទីតាំងស្ថិតនៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ គម្រោងនេះជារបស់ជនជាតិចិន មានទុនវិនិយោគជាង ២លាន៧សែនដុល្លារអាមេរិក និងមានគោលដៅនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ចិន និងជប៉ុនជាដើម។

ទី២. រោងចក្រកែច្នៃលោហធាតុ ដែក និងប្លាស្ទិក របស់ក្រុមហ៊ុន ឌី ប៊ី ហ្គោល អ៊ីមផត អិចផត ឯ.ក ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គម្រោងនេះ មានទុនវិនិយោគជាង ៤លានដុល្លារអាមេរិកជារបស់ជនជាតិចិន និងមានគោលដៅនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ចិន និងប្រទេសឥណ្ឌា។

ទី៣. គម្រោងស្នើសុំបង្កើតរោងចក្របោះពុម្ពខ្នាតធំទៅលើក្រដាស និងប្លាស្ទិករបស់ក្រុមហ៊ុន ហ្សេនចេង វៃឡៃ ថេកណូឡូជី (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម។ គម្រោងវនេះ មានទុនវិនិយោគជាង ១លាន១សែនដុល្លារអាមេរិកជារបស់ជនជាតិចន និងមានគោលដៅនាំចេញទៅទីផ្សារចិន ជប៉ុន និងបណ្តាប្រទេសនៅតំបន់អាស៊ី ដែលអាចបង្កើតការងាជូនពលរដ្ឋបានចំនួន ៧០កន្លែង។

ទី៤. គម្រោងស្នើសុំបង្កើតរោងចក្រផលិតផ្ទាំងក្រណាត់គំនូរ បន្ទះស៊ុមគំនូរ ជើងទ្រគំនូរឈើ គ្រឿងសង្ហារិម ក្តារបន្ទះ ក្តារកិន និងគ្រាប់កម្ទេចឈើ របស់ក្រុមហ៊ុន យី យាន ហុង ដា ធីមប៊ើរ (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ គម្រោងនេះ មានទុនវិនិយោគ ៣០០លានដុល្លារអាមេរិកជារបស់ជនជាតិចិន និងមានគោលដៅនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ចិន ជប៉ុន និងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ដែលអាចបង្កើតការងារជូនពលរដ្ឋបានចំនួន ១១៥នាក់ និងជនបរទេស១២នាក់៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…