ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាចូលរួមសន្និសីទអាស៊ាន-ចិន ឆ្នាំ២០២៦ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំក្វាងចូវបានចូលរួមសន្និសីទកិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មអាស៊ាន-ចិន នៅថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នៅមជ្ឈមណ្ឌល Guangzhou Baiyun មានគោលបំណងពង្រឹងពាណិជ្ជកម្ម និងការវិនិយោគរវាងក្វាងទុងនិងអាស៊ាន។

នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Guangzhou Baiyun (Guangzhou Baiyun International Convention Centre) នាទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងក្វាងចូវ បានចូលរួមសន្និសីទស្តីពីការផ្លាស់ប្តូរ និងការសម្របសម្រួលយន្តការកិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់ និងលើកកម្ពស់ពាណិជ្ជកម្មអាស៊ាន-ចិន (ក្វាងទុង) ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៦។

សន្និសីទនេះ រៀបចំដោយក្រុមប្រឹក្សាធុរកិច្ច ចិន-អាស៊ាន (CABC) ក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT) និងសភាពាណិជ្ជកម្មអន្តរជាតិខេត្តក្វាងទុង (GCIC) ដោយមានការគាំទ្រពីរដ្ឋាភិបាលប្រជាជនខេត្តក្វាងទុង និងមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC)។

ព្រឹត្តិការណ៍នេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើខ្សែច្រវាក់ផ្គត់ផ្គង់ ពាណិជ្ជកម្មឆ្លងដែន និងការវិនិយោគរវាងខេត្តក្វាងទុង និងបណ្តាប្រទេសអាស៊ាន ព្រមទាំងស្វែងរកឱកាសថ្មីៗសម្រាប់ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរ។

សន្និសីទនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ CCPIT ថ្នាក់ដឹកនាំរដ្ឋាភិបាលប្រជាជនខេត្តក្វាងទុង មន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងតំណាងធុរកិច្ច និងសហគ្រាសធំៗជាច្រើនមកពីប្រទេសចិន និងបរទេសផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…