មន្ទីរបរិស្ថានខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងសង្ស័យរុករករ៉ែមាសខុសច្បាប់មួយកន្លែង ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍អំពីសកម្មភាពល្មើស។
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានដឹកនាំមន្ត្រីឧទ្យានុរក្ស និងកម្លាំងជំនាញ ចុះពិនិត្យទីតាំងស្ថិតនៅចំណុចថ្មពួយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានប្រទះឃើញស្នាមជីកកកាយដីសង្ស័យរុករករ៉ែមាសចំនួន១កន្លែង ប៉ុន្តែមិនបានប្រទះឃើញជនសង្ស័យនោះទេ ដោយរកឃើញតែតង់កៅស៊ូមួយ ដែលត្រូវបានប្រើប្រាស់ជាទីស្នាក់នៅបណ្ដោះអាសន្ន។
ក្រុមការងារបានរុះរើ និងកម្ទេចតង់នោះភ្លាមៗ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកបន្តសកម្មភាពខុសច្បាប់នៅក្នុងតំបន់ការពារ។
លោក គា ប៊ូ បានបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សនឹងបន្តពង្រឹងការល្បាត ស្រាវជ្រាវ និងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងលើបទល្មើសធនធានធម្មជាតិគ្រប់រូបភាពនៅក្នុងដែនការពារ ដោយមិនមានការលើកលែងចំពោះជនល្មើសណាម្នាក់ឡើយ៕
ដោយ៖ ប៉ៃ សុឃីម











