ជើងហោះហើរត្រង់ចេញពីទីក្រុងក្វាងចូវ ប្រទេសចិន បានធ្វើដំណើរចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា ដោយមានអ្នកដំណើរនិងភ្ញៀវទេសចរជាជនជាតិចិនចំនួនប្រមាណ ១១៤នាក់ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ។
ដំណើររបស់ភ្ញៀវទេសចរជាជនជាតិចិនមកកាន់ខេត្តព្រះសីហនុនាពេលនេះ មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅជាទីបំផុតពីឯកឧត្តម សរ មុន្នី រដ្ឋលេខាធិការអាកាសស៊ីវិល លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរខេត្ត រួមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ជាការកត់សម្គាល់ ការមកដល់របស់ភ្ញៀវទេសចរនិងអ្នកដំណើរជាជនជាតិចិន ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនរយៈពេល៤ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត និង ឡាយ ចិន្តា














