ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមហ៊ុន ZTE Corporation មានផែនការពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាគមនាគមន៍នៅកម្ពុជា!

KPS99TV

សេចក្តីសង្ខេប

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបលោក Xiao Ming តំណាង ZTE នៅចិន នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្រុមហ៊ុនបានបង្ហាញផែនការពង្រីកវិនិយោគទូរគមនាគមន៍ និងគាំទ្រម៉ូដែលមូលដ្ឋាន AI អធិបតេយ្យ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធអេកូឡូស៊ី AI ជាតិ។

(ចិន)៖ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Xiao Ming តំណាងក្រុមហ៊ុន ZTE Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកតំណាងក្រុមហ៊ុន ZTE Corporation បានគោរពជម្រាបជូនសម្ដេចធិបតីអំពីដំណើរការប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបានបញ្ជាក់ថា ក្រុមហ៊ុនផ្តោតអាជីវកម្មលើការផ្គត់ផ្គង់សម្ភារៈបរិក្ខារទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា(ICT)។ បច្ចុប្បន្ន, ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្តាប្រទេសជាង ១៦០ ជុំវិញពិភពលោក និងជាក្រុមហ៊ុនលំដាប់ថ្នាក់ទី២ លើសកលលោក ក្នុងការផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យា 5G។ បន្ថែមពីនេះ, លោកតំណាងក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនបានបោះទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ។ តាមរយៈជោគជ័យនៃការវិនិយោគនេះ, ក្រុមហ៊ុនមានបំណងពង្រីកទុនវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ក្នុងនាមជាសហគ្រាសផ្គត់ផ្គង់បណ្តាញទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ICT។ ក្រុមហ៊ុនក៏មានផែនការពង្រីកការវិនិយោគលើម៉ូដែលមូលដ្ឋានបញ្ញាសិប្បនិម្មិតអធិបតេយ្យរបស់កម្ពុជា (Cambodia Sovereign AI Foundation Model) និងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតជាតិ (National AI Infrastructure and Ecosystem) នៅកម្ពុជា។ កន្លងមក, ក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការតភ្ជាប់បណ្តាញទូរគមនាគមន៍នៅតាមជនបទ, ការដាក់ពង្រាយបណ្តាញខ្សែកាបអុបទិក និងការផ្ដល់សេវាអ៊ីនធឺណិតល្បឿនលឿនតាមខ្សែ និងចល័ត នៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទូរគមនាគមន៍នៅកម្ពុជា។ សម្ដេចស្វាគមន៍ចំពោះផែនការរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។ ស្របពេលជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិស័យបច្ចេកវិទ្យា គឺជាវិស័យដ៏មានសារៈសំខាន់មួយ ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការអភិវឌ្ឍ ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល និងការរីកចម្រើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញលើកទឹកចិត្តលើការកសាងធនធានមនុស្សជំនាញ ICT ដែលការបណ្ដុះបណ្ដាលនេះមិនត្រឹមតែផ្តោតលើរបៀបប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការអភិវឌ្ឍ, ការច្នៃប្រឌិត និង នវានុវត្តន៍ផ្នែកប្រព័ន្ធបច្ចេកវិទ្យា៕

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…