ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រតិបត្តិការក្តៅនៅប៉ោយប៉ែត! ជនសង្ស័យ ១៣នាក់ពាក់ព័ន្ធករណីលួចម៉ូតូ និងគ្រឿងញៀន ត្រូវបានបញ្ជូនទៅតុលាការ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបញ្ជូនជនសង្ស័យ១៣នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធការលួចម៉ូតូ និងទទួលផលចោរកម្ម។ សមត្ថកិច្ចថា បានដកហូតម៉ូតូ៦គ្រឿង ក្នុងនោះ២គ្រឿងប្រគល់ឱ្យម្ចាស់វិញ និង៤គ្រឿងរក្សាទុកដើម្បីបន្តស្រាវជ្រាវរកម្ចាស់។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការបង្ក្រាបបណ្តាញលួចម៉ូតូ និងទទួលទិញ-លក់ផលចោរកម្ម ដែលធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យបានសរុប ១៣នាក់ និងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់។ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ចបានបើកការស្រាវជ្រាវលើករណីលួចម៉ូតូចំនួន ២ករណី ដែលបានកើតឡើងនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត និងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ។

តាមរយៈការស្រាវជ្រាវ និងប្រើប្រាស់ប្រព័ន្ធកំណត់ទីតាំង (GPS) សមត្ថកិច្ចបានកំណត់មុខសញ្ញា និងទីតាំងសង្ស័យមួយ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មុនឈានដល់ការឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ រហូតដល់ ១៣នាក់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតម៉ូតូសរុប ៦គ្រឿង ក្នុងនោះ ២គ្រឿង ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ខណៈ ៤គ្រឿង ទៀត ត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីបន្តស្រាវជ្រាវរកម្ចាស់។ ក្រៅពីនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀតផងដែរ។

ក្រោយការសាកសួរ និងធ្វើតេស្តទឹកនោម លទ្ធផលបង្ហាញថា ជនសង្ស័យទាំងអស់មានសារធាតុញៀនក្នុងខ្លួន។ ផ្អែកលើចម្លើយសារភាព និងវត្ថុតាងដែលប្រមូលបាន សមត្ថកិច្ចបានរកឃើញតម្រុយពិរុទ្ធភាពពាក់ព័ន្ធនឹងបទល្មើស លួចមានស្ថានទម្ងន់ទោស, ទទួលផលចោរកម្ម, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

បច្ចុប្បន្ន ជនសង្ស័យទាំង ១៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…