ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

«យុទ្ធនាការ #MadeInCambodia បើកដំណើរការនៅខេត្តព្រះសីហនុ ជំរុញការប្រើប្រាស់ផលិតផលជាតិ និងពង្រីកទីផ្សារសហគ្រាសខ្មែរ»

KPS99TVសរសេរ:ប៉ៃ សុឃីមថតរូប:ទាវ វិឆាត

សេចក្តីសង្ខេប

មន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ បានបើកយុទ្ធនាការ #MadeInCambodia នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ កម្មវិធីមូលដ្ឋានមានរយៈពេលពីរថ្ងៃ ដើម្បីគាំទ្រផលិតផលជាតិនិងសហគ្រាសធុនមីក្រូ តូច និងមធ្យម ខណៈយុទ្ធនាការទូទាំងប្រទេសមានរយៈពេលមួយឆ្នាំ។

ខេត្តព្រះសីហនុ៖ មន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ បានរៀបចំពិធីសម្ពោធ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប ដាយម៉ីនផ្លាហ្សា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ (ជិតវេទិកា ៧ មករា) ដើម្បីជំរុញការប្រើប្រាស់ផលិតផលជាតិ និងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។ យុទ្ធនាការនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២៦។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ, លោក ព្រហ្ម សុខជាវណ្ណដា ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ សិប្បករ ផលិតករ សហគ្រាសធុនមីក្រូ តូច និងមធ្យម និងតំណាងវិស័យឯកជនជាច្រើនរូប។

លោក មីន កុម្ភៈ បានមានប្រសាសន៍ថា យុទ្ធនាការនេះមានគោលបំណងពង្រីកទីផ្សារផលិតផលក្នុងស្រុក ផ្តល់ឱកាសដល់ផលិតករ និងសហគ្រាសខ្មែរបង្ហាញ និងលក់ផលិតផលដោយផ្ទាល់ ជំរុញឱ្យប្រជាពលរដ្ឋគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ បង្កើនទំនុកចិត្តលើគុណភាពផលិតផលខ្មែរ ព្រមទាំងពង្រឹងការតភ្ជាប់រវាងផលិតករ អ្នកចែកចាយ និងទីផ្សារ។

លោកបានបញ្ជាក់ថា យុទ្ធនាការនេះត្រូវបានរំពឹងថា នឹងជួយពង្រីកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក លើកកម្ពស់មោទនភាពជាតិ ជំរុញសកម្មភាពអាជីវកម្ម បង្កើតឱកាសការងារ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានសហការរៀបចំកម្មវិធី និងផ្តល់ទីតាំងសម្រាប់ការរៀបចំពិធី ព្រមទាំងកោតសរសើរចំពោះកិច្ចសហការរវាង វិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សិប្បករ ផលិតករក្នុងស្រុក និងបណ្តាផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត ដែលបានរួមគ្នាជំរុញការផលិត ការចែកចាយ និងការប្រើប្រាស់ផលិតផលជាតិឱ្យកាន់តែទូលំទូលាយ។

លោកជំទាវបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានតួនាទីសំខាន់ក្នុងការគាំទ្រផលិតផលជាតិ តាមរយៈការប្រើប្រាស់ ការផ្សព្វផ្សាយ និងការជួយនាំផលិតផលខ្មែរទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។ ការរៀបចំ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» មិនត្រឹមតែជាការលើកកម្ពស់ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីស្រឡាញ់ជាតិ ស្រឡាញ់កសិករ និងផលិតករខ្មែរ ព្រមទាំងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិផងដែរ។

លោកជំទាវបានបន្ថែមថា ក្រសួងពាណិជ្ជកម្មបានផ្តួចផ្តើមយុទ្ធនាការនេះឡើង ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយផលិតផលផលិតក្នុងស្រុក បង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីគុណភាព តម្លៃ និងស្តង់ដារផលិតផលជាតិ ព្រមទាំងភ្ជាប់ឱកាសទីផ្សាររវាងផលិតករ និងបណ្តាញលក់ទំនើប។

យុទ្ធនាការ #MadeInCambodia នឹងអនុវត្តរយៈពេលមួយឆ្នាំពេញ ដោយមានការរៀបចំតាំងលក់ផលិតផលជាតិនៅតាមផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនានាទូទាំងរាជធានី-ខេត្ត។ បច្ចុប្បន្ន មានបណ្តាផ្សារទំនើប និងហាងលក់ទំនិញជាច្រើនបានចូលរួមយុទ្ធនាការនេះ ដើម្បីរួមចំណែកលើកកម្ពស់ការប្រើប្រាស់ផលិតផលជាតិ និងជំរុញការរីកចម្រើនរបស់សហគ្រាសខ្មែរ៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…