ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងកោះរ៉ុង បានសហការជាមួយយុវជន សហគមន៍ និងអង្គភាពពាក់ព័ន្ធ រៀបចំយុទ្ធនាការដាំកូនឈើតាមបណ្ដោយដងផ្លូវដែលទើបស្ថាបនារួចថ្មី ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង បង្កើនគម្របព្រៃឈើ និងរួមចំណែកការពារ និងអភិរក្សបរិស្ថានឱ្យកាន់តែបៃតង និងមាននិរន្តរភាព នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។
យុទ្ធនាការនេះ ដឹកនាំដោយលោក ជា ពិសិដ្ឋនរៈ អភិបាលរងក្រុងកោះរ៉ុង ដោយមានការចូលរួមយ៉ាងសកម្មពីក្រុមការងារសមាគមសិស្ស-និស្សិតអាហារូបករណ៍ (អ.ម.ត) ខេត្តព្រះសីហនុ ដឹកនាំដោយលោក ឌុំ នឿន, លោក កាន់ ភារៈ និងលោក សេង ហួលាង ព្រមទាំងការិយាល័យឧទ្យានរក្សក្រុងកោះរ៉ុង សហគមន៍អេកូទេសចរណ៍ព្រែកកោងកាងកោះរ៉ុង សមាគមអភិរក្សបរិស្ថានក្រុងកោះរ៉ុង សមាគមសហគមន៍ទេសចរណ៍ក្រុងកោះរ៉ុង តំណាងអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងបានលើកឡើងថា ការដាំកូនឈើមិនត្រឹមតែជួយបង្កើនភាពបៃតង និងលើកសោភ័ណភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបណ្តុះស្មារតីស្រឡាញ់ធម្មជាតិ និងជំរុញការចូលរួមរបស់សហគមន៍ក្នុងការថែរក្សាបរិស្ថាន សំដៅធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាពសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។
រដ្ឋបាលក្រុងកោះរ៉ុងបានបញ្ជាក់ថា យុទ្ធនាការនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍទីក្រុងឱ្យមានបរិស្ថានស្អាត បៃតង និងទាក់ទាញ ដែលនឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ បង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងជំរុញការអភិវឌ្ឍក្រុងកោះរ៉ុងឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងនិរន្តរភាព៕
ដោយ៖ ប៉ៃ សុឃីម

















